COVID-19
អន្តរជាតិ
​អ្នកជំងឺ​វ័យ​៨៧​ឆ្នាំ​នៅវូហានដែល​គ្រូពេទ្យ​នាំទៅ​មើល​ថ្ងៃ​អស្តង្គត ពេលនេះ​គាត់​ធូរស្បើយ​ហើយ​
16, Mar 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
ដំណឹង​ល្អ​សម្រាប់​អ្នកជំងឺ COVID-19 អាយុ​៨៧​ឆ្នាំ​ម្នា​ក់នៅ​ក្រុង​វូ​ហាន ដែល​ចាប់ផ្តើម​ពីស​ភាព​ធ្ងន់ធ្ងរ មក​សភាព​ធូរស្បើយ​។ រូបថត​មួយ​សន្លឹក​ដែល​បង្ហោះ​ដំបូង​នៅ​បណ្តាញ​សង្គម Weibo បាន​ទាក់ទាញ​មនុស្ស​ជាច្រើន ដោយ​អ្នកជំងឺ​ដែលជា​អតីត​តន្ត្រីករ​វី​យូ​ឡុង​រូបនោះ បាន​សុំ​គ្រូពេទ្យ​ទៅ​មើល​ថ្ងៃ​រៀប​លិច នៅក្រៅ​មន្ទីរពេទ្យក្រុង​វូ​ហាន​។​



​លោកគ្រូ​ពេទ្យ Liu Kai ដែល​បម្រើការ​នៅ​ពេទ្យ​ក្រុង​សៀង​ហៃ ហើយ​ត្រូវ​ចាត់​ទៅ​បំពេញបេសកកម្ម​នៅ​វូ​ហាន​។ កាលពី​ថ្ងៃទី​៥ ខែមីនា ពេទ្យ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​នាំ​អ្នកជំងឺ COVID-19 ទៅ​ស្កែ​ន CT ប៉ុន្តែ​ក្នុង​ដំណើរ​ទៅកាន់​បន្ទប់​ស្កែ​ន លោក​បាន​រុញ​គាត់​ទៅ​មើល​ពន្លឺ​ថ្ងៃ​រៀប​អស្តង្គត​។ រូបភាព​ដែល បង្ហោះ​ក្នុង​បណ្តាញ​សង្គម Weibo របស់​មន្ទីរពេទ្យ Zhongshan នៃ​សាកលវិទ្យាល័យ Fudan បាន​ទាក់ទាញ​អារម្មណ៍​រំជួលចិត្ត​នៃ​មនុស្ស​ជាច្រើន​។​

​យោងតាម People’s Daily លោក Liu Kai បាន​អះអាងថា បុរស​ចំណាស់​រូបនោះ បានរស់នៅ​ដាច់ដោយឡែក​ជិត​មួយខែ ដែល​ធ្វើ​ឲ្យ​គាត់​តប់​ប្រ​ម៉​ល់​ក្នុង​ចិត្តជា​ខ្លាំង ដូច្នេះ​ពន្លឺ​ថ្ងៃ​រួមចំណែក​ទាញអារម្មណ៍​គាត់​ឲ្យ​ស្រស់ស្រាយ​ឡើងវិញ​។​

​កាលពី​ថ្ងៃទី​១២ ខែមីនា លោកតា​វ័យ​៨៧​ឆ្នាំ បាន​លើក​មេដៃ​ជូន​ដល់​ក្រុមការងារ​វេជ្ជសាស្ត្រ​ក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ប្រកាសថា សុខា​ភាព​របស់លោក​ធូរស្បើយ ហើយ​មាន​លទ្ធផល​តេស្ត​ឈានទៅ​អវិជ្ជមាន​វិញ​។ «​សូម​អរគុណ​ចំពោះ​ជំនាញ​ដ៏​អស្ចារ្យ  និង​ការងារ​ដ៏​ម៉ត់ចត់​របស់​ក្រុមគ្រួសារ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធូរស្បើយ​ឆាប់រហ័ស​។ ក្រោយ​សះស្បើយ ខ្ញុំ​ចង់កូត​វី​យ៉ូ​ឡុង​អមដោយ​បទ​ចម្រៀង​សម្រាប់​ពួកគាត់​។ ខ្ញុំ​សង្ឃឹមថា អាច​ត្រឡប់ទៅផ្ទះ​វិញ​ឆាប់រហ័ស​»​។ នេះ​បើតាម​សំដី​ដែល​ដកស្រង់​ដោយ People’s Daily​។​

​បច្ចុប្បន្ន អតីត​អ្នកលេង​វី​យូ​ឡុង​រូបនោះ មាន​សភាព​ធូរស្បើយ​ច្រើន ដែល​អាច​ដើរ​ចេញពី​គ្រែ​របស់​ខ្លួនឯងបាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com