COVID-19
អន្តរជាតិ
ក្រុមហ៊ុន​ជប៉ុន​មួយ​នឹង​ចេញលក់​ឧបករណ៍​តេស្ត​រកឃើញ COVID-19 ត្រឹម​១៥​នាទី​
16, Mar 2020 , 10:19 am        
រូបភាព
ប្រភពរូប៖ Kyodo
ប្រភពរូប៖ Kyodo
​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ និង​គីមី​របស់​ជប៉ុន Kurabo Industries Ltd. បានប្រកាសថា ខ្លួន​នឹងដាក់​ឲ្យ​លក់​លើ​ទីផ្សារ​នូវ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ដែល​នឹង​ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ​ទៅ​។  សង្វាក់​ផលិតកម្ម​នេះ នឹងមាន​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ដែលមាន​ទីតាំងនៅ​ប្រទេស​ចិន​។ ហើយ​អ្វីដែល​ពិសេស​នោះ ឧបករណ៍​ធ្វើតេស្ត​នេះ​នឹង​អាច​បញ្ជាក់​លទ្ធផល​បាន​ក្នុង​រយៈពេល​១៥​នាទី​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Japan Times កាលពី​ថ្ងៃទី​១៣ ខែមីនា ឧបករណ៍​មួយ​នេះ នឹង​ប្រើប្រាស់​តំណក់ឈាម​របស់​មនុស្ស និង​សារ​ធាតុគីមី​ប្រតិកម្ម (Reagent) ក្នុងការ​តាមដាន​រក​វត្តមាន​របស់​វីរុស ចៀស​ជាង​ការប្រើប្រាស់​តេស្ត​ប្រភេទ Polymerase Chain Reaction ឬ PCR ដែល​ទាមទារ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុងការ​តាមដាន​លទ្ធផល​។ ជាធម្មតា តេស្ត PCR ត្រូវការ​ប្រើប្រាស់​ពេល​ពី​៤ ទៅ​៦​ម៉ោង​ក្នុង​ការដឹង​វត្តមាន​នៃ​វីរុស​។ 
 
​ឧបករណ៍​តេស្ត COVID-19 របស់​ក្រុមហ៊ុន​ឧស្សាហកម្ម Kurabo មួយ​នេះ​នឹង​បញ្ចេញ​ខ្សែ​ពណ៌​ក្រហម​នៅលើ​កន្លែង​បញ្ជាក់ នៅពេលដែល​ឈាម​របស់​អ្នកជំងឺ​មាន​ផ្ទុក​វីរុស COVID-19 ក្រោយ​ពេលដែល​ត្រូវបាន​លាយ​បញ្ចូល​គ្នា​ជាមួយនឹង​សារ​ធាតុគីមី​ប្រតិកម្ម​រួចរាល់​ហើយ​។ ខ្សែ​ពណ៌​ក្រហម​នេះ​នឹង​លោត​ឡើង​នៅពេលដែល​គេ​រកឃើញ​វត្តមាន​របស់ Antibody នៃ​វីរុស​។ Kurabo នឹង​ដាក់លក់​ឧបករណ៍​តេស្ត​នេះ​ទៅកាន់​ក្រុម​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នានា ក្នុងតម្លៃ​២៥​ពាន់​យ៉េន (​ជាង​២៣០​ដុល្លារ​អាមេរិក​) ដែល​អាចអនុវត្ត​តេស្ត​បាន​ចំនួន​១០​ដង​។ 
 
​ឧបករណ៍​តេស្ត​នេះ​ក៏​អាច​តាមដាន​រក​វត្តមាន​នៃ​វីរុស​នៅក្នុង​កាលៈទេសៈ​ដំបូង​នៃ​ការឆ្លង​ជំងឺ​ផងដែរ​។ ក្រុមហ៊ុន​មួយ​នេះ​បាន​រំពឹងថា​ខ្លួន​នឹង​អាច​ផ្គត់ផ្គង់​ឧបករណ៍​តេស្ត​បាន​រហូត​ទៅដល់​១​ម៉ឺន​តេស្ត​ក្នុង​មួយថ្ងៃៗ ក្រោយពី​ការចេញលក់​ចាប់ពី​ថ្ងៃ​ចន្ទ​នៃ​សប្តាហ៍​ក្រោយនេះ​តទៅ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com