COVID-19
ជាតិ
អ្នកនាំពាក្យ​៖ វិស័យ​សំណង់ មិនទាន់​រង​ផលប៉ះពាល់ ដោយសារ​បញ្ហា​វីរុស COVID-19 ឡើយ​
16, Mar 2020 , 11:44 am        
រូបភាព
​ភ្នំពេញ​៖ វិស័យ​សំណង់​នៅ​កម្ពុជា មិនទាន់​រង​ផលប៉ះពាល់ ដោយសារ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើយ​។ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​បែបនេះ នៅក្នុង​សន្និសីទកាសែត ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ក្រសួង នា​ព្រឹក​ថ្ងៃទី​១៦ មីនា​។​


 
​លោក សេង ឡូត បាន​បញ្ជាក់ថា វិស័យ​សំណង់​កម្ពុជា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ មាន​គម្រោង​វិនិយោគ​៥២៣​គម្រោង កើនឡើង​ជាង​១០០​គម្រោង បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​ការវិនិយោគ​ជាង​៣០០​គម្រោង​។ បើតាម​លោក សេង ឡូត ក្រុមហ៊ុន​ស្នើសុំ​វិនិយោគ​ទាំងនេះ មកពី​១៨​ប្រទេស ដោយ​ក្នុងនោះ​ចិន ឈរ​លេខ​១ ដែល​តាម​ពីក្រោយ​ដោយ​កូរ៉េ និង​ជប៉ុន​។​
 
​តាមរយៈ​ទិន្នន័យ​នេះ លោក សេង ឡូត បាន​អះអាងថា វិស័យ​សំណង់​រក្សា​ស្ថិរភាព​ដ​ដដែល ខណៈ​ពិភពលោក​កំពុង​ប្រឈមមុខ ដោយសារ​វីរុស​COVID-19​។​«​គិត​មកដល់ពេលនេះ វិស័យ​សំណង់​មិនទាន់មាន​ផលប៉ះពាល់​ទេ​…​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេង ឡូត​។​
 
​គម្រោង​ដែល​ស្នើសុំ​វិនិយោគ​នេះ ភាគច្រើន​គឺ​គម្រោង​បុរី ដែល​កំពុងដំណើរការ​គម្រោង​សាងសង់​ចំនួន​៣២៧ ទីតាំង​។​ដោយឡែក​បច្ចុប្បន្ន​អគារ​ខ្ពស់ៗ​មាន​ជាង​១៨០០​ទីតាំង និង​អូ​តែ​ល​ជិត​១​ពាន់​ទីតាំង ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី ដែល​ស្នើឱ្យ​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​សាងសង់ យកចិត្តទុកដាក់​លើ​ការសាងសង់​ឱ្យស្រប​តាម​ស្ដង់ដារ​គុណភាព និង​ច្បាប់​សំណង់ ។ ជាពិសេស​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចៀស​បញ្ហា​បាក់​រំលំ​អគារ​។​
 
​លោក សេង ឡូត អះអាងថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​អនុវត្ត​ច្បាប់ ដូច្នេះ​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​សាងសង់ ត្រូវគោរព​ច្បាប់​សាងសង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការខាតបង់​នៅ​ថ្ងៃ​អនាគត​៕ 

Tag:
 វិស័យ​សំណង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com