COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បារម្ភ COVID-19! ក្រុម​នៅ​អាមេរិក​ឡាទីន ស្នើ FIFA ពន្យារពេល​ជម្រុះ World Cup
16, Mar 2020 , 12:19 pm        
រូបភាព
​ដោយសារតែ​បារម្ភ​ពី​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (CONMEBOL) ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ពន្យារពេល​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០២២ ដែល​គ្រោង​ធ្វើ​នៅ​ខែ​នេះ​។​


 
​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅកាន់ FIFA នៅ​ថ្ងៃទី​១២ ខែមីនា CONMEBOL បាន​ស្នើសុំ​ការបើក​ការប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​ខ្លួន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៦, ២៧ និង​៣១ ខែមីនា ឲ្យ​ពន្យារពេល​វិញ​។​
 
​គិត​ត្រឹម​ថ្ងៃទី ១២ ខែមីនា​នេះ COVID-19 បានសម្លាប់​មនុស្ស​ជាង ៤៦០០ នាក់​នៅ​ទូទាំង​ពិភពលោក ខណៈដែល​អ្នក​ឆ្លង​មាន​ជាង ១២៧០០០ នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង និង​ស្លាប់​ទាំងនោះ ក្រៅពី​ចិន​ដែលជា​ចំនុច​ផ្តើម​នៃ​មេរោគ ប្រទេស​នៅ​តំបន់​អឺរ៉ុប​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​លំដាប់​ទី​២​។​
 
​ដោយសារ​មើលឃើញ​ពី​វិសាលភាព​នៃ​ការឆ្លង​ច្រើន​បែបនេះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​ខាងត្បូង លើកឡើង​ពី​ផលវិបាក​របស់​កីឡាករ​ដែល​មិនអាច​ធ្វើដំណើរ​ពី​អឺរ៉ុប​ដែលជា​ទី​ប្រកប​អាជីព​របស់​ពួកគេ ជា​ហេតុផល​សម្រាប់​ការស្នើសុំ​របស់ខ្លួន​ទៅកាន់ FIFA​។ រហូតមកដល់​ពេលនេះ មាន​កីឡាករ​បាល់ទាត់​មួយចំនួន​ហើយ ត្រូវបាន​រកឃើញថា​ឆ្លង COVID-19 នេះ​។​
«​បណ្តា​ប្រទេស​ជា​សមាជិក CONMEBOL រួមមាន អា​ហ្ស​ង់​ទីន បូ​លី​វី ប្រេ​ស៊ី​ល ស៊ី​លី កូ​ឡុំ​ប៊ី អេ​ក្វា​ឌ័​រ ប៉ា​រ៉ា​ហ្គា​យ ប៉េ​រូ អ៊ុយ​រូ​ហ្គា​យ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បានស្នើ​សុំ​ឲ្យ CONMEBOL ដាក់សំណើ​នេះ​ទៅ FIFA ដើម្បី​សុំ​ពន្យារពេល​ប្រកួត​ជម្រុះ World Cup»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ CONMEBOL​។​
 
​បើតាម​កាលវិភាគ​ប្រកួត អា​ហ្ស​ង់​ទីន​ដែលមាន​កីឡាករ​ឆ្នើម Lionel Messi ជា​ប្រធាន​ក្រុម នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​ជម្រុះ​ទល់នឹង​អេ​ក្វា​ឌ័​រ​នៅ Buenos Aires ខណៈ​ប្រេ​ស៊ី​ល​គ្រោង​ទៅ​ជួប​បូ​លី​វី រួមជាមួយ​ជំនួប​ដទៃទៀត ប៉ា​រ៉ា​ហ្គា​យ​ទល់​ប៉េ​រូ អ៊ុយ​រូ​ហ្គា​យ​-​ស៊ី​លី កូ​ឡុំ​ប៊ី​-​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ប្រសិនបើ FIFA យល់ព្រម​តាម​សំណើ​នេះ នោះ​ការប្រកួត​ខាងលើ​នឹងមិន​កើតឡើង​តាម​ការកំណត់​ឡើយ​៕

Tag:
 COVID-19
  CONMEBOL
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com