COVID-19
អន្តរជាតិ
បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ បន្ត​រកឃើញ COVID-19 ជាង​១​ពាន់​ករណី​រៀងៗ​ខ្លួន​
16, Mar 2020 , 12:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
​នា​ថ្ងៃទី​១៥ ខែមីនា បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ សុទ្ធតែ​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ជាង ១​ពាន់​ករណី​រៀងៗ​ខ្លួន​។ តួលេខ​សរុប COVID-19 នៅ​អេ​ស្ប៉ា​ញ បាន​កើន​ដល់​ជិត ៨​ពាន់​ករណី បារាំង​មាន លើសពី ៥​ពាន់​ករណី និង​អាល្លឺម៉ង់​លើសពី ៤​ពាន់​ករណី​។ អ៊ីតាលី នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​ដដែល​។


​តាម​សារព័ត៌មាន BNO Tracking Coronavirus អេ​ស្ប៉ា​ញ បាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី ចំនួន ១៤៥២​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៩៦​ករណី​។ តួលេខ​សរុប​របស់​អេ​ស្ប៉ា​ញ បាន​កើន​ដល់ ៧៨៤២​ករណី អ្នកស្លាប់ ២៩២​ករណី និង​អ្នកជា​សះស្បើយ ៥១៧​ករណី​។ ដោយសារ​តួលេខ​ដ៏​ច្រើន​បែបនេះ ធ្វើ​ឲ្យ​អេ​ស្ប៉ា​ញ​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​តំបន់​អឺរ៉ុប បន្ទាប់ពី​អ៊ីតាលី​។ 
​ឈរ​នៅ​លំដាប់​បន្ទាប់ពី​អេ​ស្ប៉ា​ញ បារាំង​ក៏​រកឃើញ​ករណី​ឆ្លង COVID-19 ច្រើន​ដែរ​នៅក្នុង​ប្រទេស​។ គ្រាន់តែ​ថ្ងៃទី​១៥ ខែមីនា បារាំង បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ចំនួន ៩២៤​ករណី និង​អ្នកស្លាប់ ៣៦​ករណី​។ តួលេខ​សរុប បារាំង​បាន​កើន​រហូតដល់ ៥៤២៣​ករណី អ្នកស្លាប់ ១២៧​ករណី និង​អ្នកជា​សះស្បើយ ១២​ករណី​។ 
 
​ស្រដៀង​គ្នា​ទៅនឹង​អេ​ស្ប៉ា​ញ​ដែរ អាល្លឺម៉ង់ បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 រហូតដល់​ទៅ ១៦៣០​ករណី​ឯណោះ និង​អ្នកស្លាប់ ៤​នាក់ នា​ថ្ងៃទី​១៥ ខែមីនា​។ បន្ទាប់ពី​អេ​ស្ប៉ា​ញ​និង​បារាំង អាល្លឺម៉ង់ បាន​រកឃើញ​ករណី​COVID-19 សរុប ៤៥៨៥​ករណី​ឯណោះ​។ ក្នុង​ចំនួន​ដ៏​ច្រើន​នេះ មាន​អ្នកស្លាប់ ១២​ករណី និង​អ្នកជា​សះស្បើយ ៤៦​ករណី​។​
 
​កន្លងមក ប្រមុខ​អង្គការ​សុខាភិបាល​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា អឺរ៉ុប គឺជា​តំបន់​ផ្ទុះ COVID-19 ថ្មី បន្ទាប់ពី​ចិន​។ ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា ក្នុង​មួយថ្ងៃៗ ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ដូចជា​អ៊ីតាលី​ជាដើម បាន​រកឃើញ COVID-19 លើសពី​១​ពាន់​ករណី​៕ 

Tag:
 ​បារាំង​
  អេ​ស្ប៉ា​ញ​
  អាល្លឺម៉ង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com