វៀតណាម មិនឲ្យអ្នកទេសចរពីនាវាកម្ពុជា៤គ្រឿង ឡើងគោក, កម្ពុជា កំពុងជួយឲ្យមកវិញ
COVID-19
ជាតិ
វៀតណាម មិនឲ្យអ្នកទេសចរពីនាវាកម្ពុជា៤គ្រឿង ឡើងគោក, កម្ពុជា កំពុងជួយឲ្យមកវិញ
16, Mar 2020 , 1:27 pm        
រូបភាព
លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ (រូបពីក្រសួងសាធារណការ)
លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ (រូបពីក្រសួងសាធារណការ)
ភ្នំពេញ៖ នាវាកម្ពុជា៤គ្រឿង ដែលដឹកភ្ញៀវទេសចរពីខេត្តសៀមរាបទៅប្រទេសវៀតណាម ត្រូវបានវៀតណាមមិនអនុញ្ញាតឲ្យចូលចតឡើយ ដោយខ្លាចមានកូវីដ-១៩។ ម្ចាស់នាវាទាំង៤គ្រឿងនោះ កាលពីថ្ងៃទី១៥ ខែមីនា បានបង្ហោះសារលើហ្វេសប៊ុក សុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តោគមន៍ ដើម្បីឲ្យនាវា បានវិលត្រឡប់មកកម្ពុជាវិញ។



ក្រោយទទួលបានដំណឹងនេះ សម្តេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះស្រាយ និងធ្វើអន្តោរាគមន៍ឲ្យនាវាទាំងនោះ អាចវិលត្រឡប់មកកម្ពុជាវិញ។ ម្ចាស់នាវាទាំងនោះ បានសរសេរសារួមគ្នា បង្ហោះលើហ្វេសប៊ុក យ៉ាងដូច្នេះថា៖«នាវាទេសចរណ៍យើងខ្ញុំ ដែលចុះបញ្ជីនៅកម្ពុជា បានដឹកភ្ញៀវទេសចរពីខេត្តសៀមរាបទៅប្រទេសវៀតណាម បានជាប់គាំងនៅកណ្តាលទន្លេក្នុងទឹកដីវៀតណាម ដោយសារអាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យនាវាយើងខ្ញុំដាក់ភ្ញៀវចុះនោះទេ។ យើងខ្ញុំ កំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ ប្រេង និងអាហារជាដើម ខណៈពេលដែលកម្ពុជាកំពុងតែបិទព្រំដែនទឹកអន្តរជាតិ។ នាវាយើងខ្ញុំមិនដឹងថាទៅណាកើតក្រៅពីប្រទេសសាមីខ្លួននោះទេ»។

ម្ចាស់នាវា  អះអាងថា ក្នុងនាវាទាំង៤គ្រឿងនោះ មាននាវិកសរុប៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង៦០នាក់។ បន្ទាប់មក សម្តេចនាយករដ្ឋមន្រ្តី ក៏ចូលទៅសរសេរក្នុប្រអប់ Comment ថា សម្តេច បានណែនាំលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ឲ្យដោះស្រាហើយ ដើម្បីឲ្យនាវាទាំងនោះ បានមកកម្ពុជាវិញ។

ក្រោយទទួលបានបញ្ជាពីសម្តេច ហ៊ុន សែន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែស្វះស្វែងទាក់ទងទៅភាគីវៀតណាម ដើម្បីសម្រួលដល់នាវាកម្ពុជាទាំង៤គ្រឿងនោះ អាចនឹងធ្វើដំណើរមកកម្ពុជាដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ពីលោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។

លោក ម៉ក់ ស៊ីដេត អះអាងថា រហូតមកដល់ថ្ងៃទី១៦ ខែមីនានេះ នាវាទាំង៤គ្រឿងនោះត្រូវបានចុះចតនៅកំពង់ផែវៀតណាម តែមិនទាន់អនុញ្ញាតឲ្យចុះគោកនៅទឹកដីវៀតណាមបាននៅឡើយទេ។ លោក បញ្ជាក់ថា៖«ឥឡូវហ្នឹងនាវាហ្នឹងកំពុងតែនៅប្រទេសវៀតណាមនៅឡើយទេ។ យើងកំពុងតែទាក់ទងទៅអាជ្ញាធរវៀតណាមថា តើឲ្យឡើងឬអត់។ ក្នុងករណីអត់ទេ នាវាហ្នឹងនឹងវិលត្រឡប់មកកម្ពុជាវិញ។ បើក្នុងករណីវៀតណាមឲ្យឡើង អ្នកទេសចរនឹងឡើង ហើយយើងនឹងឲ្យនាវាដែលគ្មានទេសចរនោះវិលត្រឡប់មកវិញ»។

លោក ម៉ក់ ស៊ីដេត រៀបរាប់ទៀតថា៖«នៅពេលដែលគាត់ដោះស្រាយជាមួយវៀតណាមអត់បាន យើងនឹងដោះស្រាយជួយគាត់ឲ្យត្រឡប់មកវិញ។ យើងឲ្យគាត់ចូលកម្ពុជាវិញ ប៉ុន្តែពេលគាត់មកដល់ទល់ដែន យើងនឹងពិនិត្យជាលក្ខណៈសុខាភិបាល។ បើគាត់ត្រួតពិនិត្យសុខភាពហើយ មិនមានបញ្ហាអ្វីទេ យើងនឹងឲ្យគាត់ចូលមកវិញ។ បើតាមការរាយការណ៍របស់ម្ចាស់នាវាទាំង៤គ្រឿងនោះ គឺមិនមែនមានបញ្ហាអ្វីដែលទាក់ទងនឹងកូវីដ-១៩ទេ»។ កាលពីថ្ងៃទី១៣ ខែមីនា កម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន មិនឲ្យនាវាទេសចរណ៍ ចូលមកកម្ពុជា តាមច្រកផ្លូវទឹកអន្តរជាតិក្អមសំណ ដែលជាច្រកព្រំដែនទឹករវាងកម្ពុជា-វៀតណាម ចំណែក នាវាទេសចរណ៍ ដែលចូលមកកម្ពុជា តាមច្រកផ្លូវទឹកផ្សេងទៀត មិនត្រូវបានផ្អាកឡើយ។ ការផ្អាកនេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ ចូលមកកម្ពុជា ក្រោយកម្ពុជា រកឃើញករណីកូវីដ-១៩ លើជនជាតិអង់គ្លេស៣នាក់អ្នកទេសចរលើនាវា  Viking Cruise Journey ដែលចេញពីហូជីមិញ មកភ្នំពេញ កាលពីទី៧ ខែមីនា ហើយបន្ទាប់មក ធ្វើដំណើរទៅខេត្តកំពង់ចាម៕

Tag:
 វា
 វៀតណាម
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com