ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត​?
17, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​និង​សម្រស់​ស្រស់ស្អាត​។ ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់ស្អាត ៖
 
១. ប្រេង​អូ​លីវ​
 
​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​អាចជួយ​រក្សា​ភាព​ក្មេង​ជាតិ​វ័យ​នៃ​ស្បែក​។ លើសពីនេះទៅទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​ផងដែរ​។​
 
២. ផ្លែ​បឺ​រ​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាងកាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សាបាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាមរយៈ​ការពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា​នោះ​មានន័យថា​អ្នក​កំពុងតែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព​និង​សម្រស់​ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. យ៉ា​អួរ​
 
​ក្រៅពី​ជួយ​បង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ហើយ​នោះ យ៉ា​អួរ​ក៏​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ផងដែរ​។ ការទទួល​ទាន​យ៉ា​អួរ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​និង​ជាតិ​ស្ករ​។​
 
៥. សាច់មាន់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​សុខភាព​នៃ​ឬ​ស​សក់​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​និង​ចៀសវាង​ស្បែក​មាន់​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ឆ្អែត saturated​។​
 
៦. បន្លែ​បៃតង​

​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹងមាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែលជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឫស​នៃ​សក់​ទទួលបាន​សារធាតុចិញ្ចឹម​តាមរយៈ​ការផ្គត់ផ្គង់​របស់​ឈាម​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ផ្ទុក​ក្នុង​ប​ន្លៃ​បៃតង​ក៏​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។ ជាតិ​សរសៃ​ក្នុង​បន្លែ​បៃតង​ថែមទាំង​ជួយ​កម្ចាត់​ជាតិពុល​ដែល​បង្កបញ្ហា​ស្បែក​ស្រអាប់​មិន​ស្រស់ស្អាត​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com