ពីនេះ ពីនោះ
រូបត្លុក
Covid-19៖ ថ្លៃ​ជួល​ទីតាំង​អាជីវកម្ម​គួរ​ចុះថ្លៃ ព្រោះ អ្នករកស៊ី​កំពុង​ខាត​ឡុងចុង​!
16, Mar 2020 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក​នេះ សុធីរ និង​សំណាង មកដល់​ហាង​កាហ្វេ​តាំងពីព្រឹក​ព្រលឹម​ដូច​សព្វដង ព្រោះ ទាំងពីរ​នាក់​មិន​ចង់​ស្ទះចរាចរណ៍​។ នៅ​ព្រឹក​នេះ បុរស​ទាំងពីរ​នាក់​សំណេះសំណាល​គ្នា​ពី​បច្ច័យ​អាក្រក់​ដែល​កំពុង​ធ្លាក់​មកលើ​ជំនួញ​នៅ​កម្ពុជា​ដោយសារ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ​-១៩​។ អត់​ភ្ញៀវ លក់​មិន​ដាច់ បាត់ប្រាក់​ចំណូល តើ​បាន​ប្រាក់​ឯណា​បង់ថ្លៃ​ឈ្នួល​ទីតាំង​ជំនួញ និង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​? អ្នកជំនួញ​មួយចំនួន​វេច​បង្វេច​ដើរចេញ ឈប់​រកស៊ី​តែម្តង ព្រោះ​លែងមាន​ចំណូល ហើយ​ចំណាយ​នៅ​ដដែល​។


 
​សុធីរ​៖ សំណាង​! បើ​ជំនួញ​អត់​ចំណូល មិន​វីវរ​ហើយ​ទេ​អី​? 
 
​សំណាង​៖ អើ អញ​ឃើញ ថៅកែ ឬ​ម្ចាស់​ហាង​ម្នាក់ៗ​អង្គុយ​រង់ចាំ​ម៉ូ​យមក តែ​អត់​ម៉ូយ​ទាល់តែសោះ​។ ស្ងាត់​ដូច​ចោរលួច​សេះ​។ គ្រប់គ្នា​មិន​ចង់​ចាយ ព្រោះ ស្ថានការណ៍​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា​។ អត់​ចាយ នាំ​ឲ្យ​គាំង​សេដ្ឋកិច្ច​។ 
 
​សុធីរ​៖ អ៊ីចឹង ម្ចាស់​ជំនួញ​បាន​ប្រាក់​ឯណា​ទៅ​បើក​ឲ្យ​បុគ្គលិក​? 
 
​សំណាង​៖ រឿងនេះ ប្រឈម​ខ្លាំងណាស់ អា សុធីរ​។ ម្ចាស់​ខ្លះ ចាប់ផ្តើម​បិទ​ហាង​ចោល​។ អ្នក​ខ្លះទៀត ចាប់ផ្តើម​កាត់បន្ថយ​បុគ្គលិក​។ អ្នក​ខ្លះទៀត ចាប់ផ្តើម​គិត​កាត់​ប្រាក់ខែ​បុគ្គលិក​មួយផ្នែក រីឯ​អ្នក​ខ្លះទៀត ត្រដរ​រង់ចាំ​មើល​ស្ថានការណ៍​ល្អ​ត្រឡប់មកវិញ តែ​មិនដឹង​ពេលណា​។ 
 
​សុធីរ​៖ បើ​កាត់​ប្រាក់ខែ ឬ​បិទ​ហាង ចុះ​បុគ្គលិក​បាន​លុយ​មកពីណា​បង់​បំណុល​ធនាគារ​? 
 
​សំណាង​៖ នេះ គឺជា​រឿង​លំបាក​បំផុត ហើយ គេ​ពិបាក​រក​ផ្លូវ​ចេញ​ណាស់ អា សុធីរ​។ អ្ហែង​មានគំនិត​ដោះស្រាយ​ទេ អា សុធីរ​? 
 
​សុធីរ​៖ ក្នុង​កាលៈទេសៈ ស្ងាត់​ដូច​ចោរលួច​សេះ​យ៉ាងនេះ បើ​ចង់​ឲ្យ​ជំនួញ​អាច​នៅ​បន្តរ​ស់បាន ម្ចាស់​កម្មសិទ្ធិ​ទីតាំង​ជំនួញ​គួរ​ចាប់ផ្តើម​ចុះថ្លៃ​ទីតាំង​ជួល​រយៈពេល​៦​ខែ នៅ​១​ឆ្នាំ​សិន​។ ទីតាំង​ជួល​ថ្លៃ​ណាស់​សព្វថ្ងៃនេះ​។ ថ្លៃ​រហូតដល់​ជំនួញ​មួយចំនួន​ក្ស័យធន​ដោយសារតែ​តម្លៃ​ឈ្នួល​ថ្លៃ​នេះឯង​។ អា សំណាង អញ​ដឹង​រឿង​ជួល​នេះ​ច្រើនណាស់​។ ម្ចាស់​កម្មសិទ្ធិ​ទីតាំង​ខ្លះ ដំឡើងថ្លៃ​គ្មាន​ខ្វល់ គ្មាន​គោលការណ៍​សោះតែ​ម្តង​។  
 
​សំណាង​៖ អ៊ីចឹង រដ្ឋាភិបាល​គួរ​អំពាវនាវ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​ទីតាំង​អាជីវកម្ម​បញ្ចុះតម្លៃ​ខ្លះ​មិន​ថា អ៊ីចឹង សុធីរ​? 
 
​សុធីរ​៖ ពិតជា​ត្រឹមត្រូវ បើ​ធ្វើបាន​គឺ​ការល្អ ព្រោះ បើ​អាជីវកម្ម​ដួល ចំនួន​អ្នកគ្មានការងារ​ធ្វើ​នឹង​កើនឡើង ហើយ​វា​នឹង​ក្លាយទៅជា​បន្ទុក​របស់រ​ដ្ឋា​ភិ​បាល និង​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​បរិបទ​នេះ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​សេដ្ឋកិច្ច​មិនគួរ​កេងចំណេញ​ពី​ស្ថានការណ៍​អាក្រក់​នេះឡើយ​។ ផ្ទុយទៅវិញ ពួកគេ​គួរ​មាន​មេត្តាករុណា​ចំពោះ​គ្នា​ទៅវិញទៅមក​។ គួរ​ជួយ​គ្នា ក្នុង​គ្រាក្រ មិនមែន​គា​បក ក្នុង​គ្រាក្រ​ឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com