អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជ​:​កម្ពុជា កូ​កា​-​កូ​ឡា ដាក់ឱ្យ​ប្រើប្រាស់​ប៉ម​ទឹក​ចម្រោះ​ទឹកស្អាត តាមរយៈ​អង្គការ Planet Water
16, Mar 2020 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ម​ទឹក​ចម្រោះ​ទឹកស្អាត ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ តាមរយៈ​អង្គការ Planet Water កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ  ៨​រោជ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​ក្រុងព្រះសីហនុ​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​ជួប ប៉ារីស៍ អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​, លោក​អគ្គនាយករង ក្រុមការងារ​នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត មន្ទីរ​បរិស្ថាន មន្ទីរអប់រំ យុវជន និង​កីឡា លោកស្រី​នាយិកា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន​ប្រមាណ​២៥០​នាក់​។
 
​លោកស្រី ស៊ុន ចិន្តា នាយិកា​វិទ្យាល័យ​ក្រុងព្រះសីហនុ បាន​គូសបញ្ជាក់ថា សាលា​នឹង​ទទួលបាន​ទឹកស្អាត​មានគុណ​ភាព គ្មាន​មេរោគ និង​សុវត្ថិភាព​សម្រាប់​សិស្ស​បរិភោគ និង​មិន​ប៉ះពាល់​ដល់​សុខភាព​សិស្ស តាមរយៈ​ការដាក់​ប៉ម និង​ធុង​ចម្រោះ​ទឹកស្អាត​នៅពេលនេះ​។ ក្រៅពីនេះ វា​ក៏​នឹង​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ថវិកា ទិញ​ទឹក​បរិភោគ​របស់លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក៏ដូចជា​កាត់បន្ថយ​ការប្រើប្រាស់​ដប​ទឹក​ប្លា​ស្ទិ​ក ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​បរិវេណ​សាលា​ផងដែរ​។ 
 
​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កូ​កា​-​កូ​ឡា បាន​លើកឡើងថា ក្រុមហ៊ុន តាមរយៈ​អង្គការ​មូលនិធិ Planet Water បាននិងកំពុង​អនុវត្ត​គម្រោង​«​ប្រើប្រាស់​ទឹកស្អាត  បន្ទប់​ទឹកស្អាត  សាលារៀន​គំរូ  ដែល​ហៅ​ជា​ភាសាបរទេស​ថា AuquaTower-AquaSan & Clean School’s Toilet»​។ គម្រោង​នេះ មាន​ទិសដៅ​សំខាន់ ផ្តោតលើ​សុខុមាលភាព​របស់​ប្រជា​សហគម​កម្ពុជា  ដោយ​ចាប់ផ្តើម​ពី​ការប្រើប្រាស់​ទឹកស្អាត មាន​សុវត្ថិភាព  និង​បន្ទប់​ទឹកស្អាត​ក្នុង​សាលារៀន​។ 


 
​លោក រស់ សោភា បញ្ជាក់ថា​៖«​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អាទិ​ភាពជា​សកល របស់​កូ​កា​-​កូ​ឡា  ក្រោម​គម្រោង​ឈ្មោះថា «​ការគ្រប់គ្រង​ទឹក ឬ Water Stewardship»  ដែលមាន​ឆន្ទៈ ព្រម​ជាមួយនឹង​ការប្តេជ្ញា​យ៉ាង​មុតមាំ ចំពោះ​គោលដៅ​ចម្បង ៣ គឺ​សន្សំសំចៃ​ទឹក​ក្នុង​ផលិតកម្ម  ធ្វើ​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​សំណល់​មុននឹង​បង្ហូរ​បញ្ចេញ​ទៅ​ស្ទឹង​បឹងបួរ  និង​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​វិញ នូវ​តំណក់​ទឹកស្អាត​មាន​សុវត្ថិភាព អាច​ពិសា​បាន​ភ្លាមៗ ដែល​ស្មើនឹង​ចំនួន​តំណក់ទឹក ដែល​យើង​បាន​ប្រើប្រាស់​ក្នុង​ការផលិត​ផលិតផល​ភេសជ្ជៈ​របស់​យើង​»​។ 
 
​លោក ជួប ប៉ារីស៍ អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា ដែល​តែងតែ​សហការ​ឧ​ប​ត្ត​ម្ភ និង​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព នៅ​កម្ពុជា​។ លោក ជួប ប៉ារីស៍ ក៏បាន​កោតសរសើរ លោកស្រី​នាយិកា និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ ដែលមាន​គំនិត​គិតគូរ​ដល់​សុខុមាលភាព​សិស្ស និង​បរិស្ថាន តាម​ការជ្រើសរើស​យក​ប៉ម និង​ធុង​ចម្រោះ​ទឹក ដាក់​នៅក្នុង​បរិវេណ​សាលារៀន​។ ទន្ទឹមនឹងនេះ លោក ជួប ប៉ារីស៍ ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹង​រៀនសូត្រ​ឱ្យបាន​ពូកែ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​មានគុណ​ភាព សម្រាប់​ចូលរួម​ក្នុង​កិច្ចការ​អភិ​ឌ្ឍ​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខទៀត និង​ពិសេស សូមឱ្យ​ប្អូនៗ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​តាមរយៈ​ការប្រើប្រាស់​ដប​ទឹក​ប្រើប្រាស់​ឡើងវិញ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com