ជាតិ
សង្គមជាតិ
ពេទ្យ អនុញ្ញាត​ឲ្យ​ស្ត្រី​បារាំង នៅ​មើល​ថែកូន​អាយុ​៤​ខែ ដែល​ឆ្លង​កូ​វីដ​-១៩
16, Mar 2020 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ជនជាតិ​បារាំង ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅក្នុង​បន្ទប់​ព្យាបាល​ជាមួយ​កូន​អាយុ​៤​ខែ ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ពី​ឪពុក​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​។


 
​លោក លី សូ​វ៉ាន់ អះអាងថា ស្ត្រី​ជា​ម្តាយ ទទួលបាន​ការណែនាំ​ពិសេស​ពី​ក្រុមគ្រូពេទ្យ ពី​របៀប​មើលថែ​កូន ដើ​ម្ប​ជៀសវាង​ការឆ្លង​ទៅ​គាត់​។ លោក បន្តថា ការអនុញ្ញាត​នេះ គឺ​ធ្វើ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។ លោក បន្ថែមថា មកដល់ពេលនេះ ទារក​បារាំង​នោះ មាន​សុខភាព​ធម្មតា ដោយ​មិនទាន់​ចេញ​រោគសញ្ញា​អ្វី​ឡើយ​។ 
 
​ឪពុក​របស់​ទារក​នោះ ត្រូវបាន​ក្រសួងសុខាភិបាល ធ្វើតេស្ត​រកឃើញ​វីរុស​កូ​វីដ​-១៩ និងបានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី​១៥ ខែមីនា​។ ក្រុមគ្រួសារ​របស់គាត់ ត្រូវបាន​រាយការណ៍​ថា រស់នៅក្នុង​សង្កាត់​ទួល​ទំពូង​។ រហូតដល់​ថ្ងៃទី​១៥ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសថា កូនតូច​របស់គាត់ បាន​ឆ្លង​កូ​វីដ​-១៩ ពី​គាត់​។ 
 
​បច្ចុប្បន្ន ឪពុក កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំណែក​កូន ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​កុមារ ដោយមាន​ម្តាយ​នៅ​មើលថែ​។ ស្ត្រី​ជា​ម្តាយ ក៏​ឆ្លងកាត់​ធ្វើតេស្ត​ដែរ តែ​សំណាងល្អ លទ្ធ​ល​ផល​បង្ហាញថា គ្មាន​វីរុស​កូ​វីដ​-១៩​ឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមីនា កម្ពុជា រកឃើញ​១២​ករណី​ហើយ នៃ​ការឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ រួមមាន បុរស​ចិន​ម្នាក់ បុរស​ខ្មែរ​២​នាក់ បុរស​ខ្មែរ​-​អ៊ិ​ស្លាម​២​នាក់ ទារក​បារាំង​ម្នាក់ បុរស​បារាំង​ម្នាក់ បុរស​អង់គ្លេស​ម្នាក់ ស្ត្រី​អង់គ្លេស​២​នាក់ បុរស​កាណាដា​ម្នាក់ និង បុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់​។ 
 
​ក្រសួង​សុខា​ភិ​បា​ល ប្រកាសថា កំពុង​ស្រាវជ្រាវ​រក​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​បន្តទៀត ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com