COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម​៖ ជនបរទេស​កើត COVID-19 ត្រូវ​ចំណាយលុយ​ព្យាបាល​ខ្លួនឯង​
16, Mar 2020 , 5:25 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (ប្រភពរូប៖ Xinhua​ & Vietnam Express)
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (ប្រភពរូប៖ Xinhua​ & Vietnam Express)
ដោយ:
​ជនបរទេស​ក្នុងប្រទេស​វៀតណាម តម្រូវ​ឲ្យ​ចំណាយ​លើ​ការព្យាបាល​ពួកគេ​ផ្ទាល់ខ្លួន ប្រសិនបើ​ពួកគេ​មាន​ផ្ទុក COVID-19 ។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក បញ្ជាក់​បែបនេះ​នៅ​ជំនួប​គណៈរដ្ឋមន្ត្រី​មួយ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

 
​ទោះ​ត្រូវ​ចំណាយ​លើ​ការព្យាបាល​នៅពេល​មាន​ផ្ទុក​វីរុស ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ អះអាងថា ជនបរទេស​ទាំងនោះ នឹងមិន​ត្រូវចំ​ណា​យស​ម្រា​ប់​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ធ្វើតេស្ត​នោះឡើយ​។ នេះ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​វៀតណាម Vietnam Express​។ 
 
​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វុ​ក សង្កត់ធ្ងន់ថា ពលរដ្ឋ​វៀតណាម​ទាំងអស់ នឹង​ទទួលបាន​ព្យាបាល​ជំងឺ COVID-19 ដោយ​ឥត​បង់ថ្លៃ​អ្វី​ឡើយ​។ ម្យ៉ាងវិញទៀត លោក កត់សម្គាល់ថា ពលរដ្ឋ​វៀតណាម​ដែល​ស្ថិតនៅ​ទីប្រជុំជន​មាន​មនុស្ស​ចាប់ពី​១០០​នាក់​ឡើងទៅ ត្រូវតែ​ពាក់​ម៉ាស់​បង្ការ​ការឆ្លង​ជាដាច់ខាត ហើយ​ឧស្សាហកម្ម​ត្រូវ​ផ្គត់ផ្គង់​ម៉ាស់​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​។ 
 
​ទន្ទឹមនេះ ព្រលានយន្តហោះ និង​ប៉ុស្តិ៍​យាម​ព្រំដែន ត្រូវមាន​ម៉ាស់​គ្រប់គ្រាន់​សម្រាប់​មនុស្ស ដែលមាន​បំណង​ចូលមក​ប្រទេស​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី អះអាង​បែបនេះ ដោយ​បន្ថែមទៀតថា ទំនិញ​ចាំបាច់​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ គប្បី​លក់​ជូន ល​រដ្ឋ​ក្នុងតម្លៃ​សមរម្យ​បំផុត​មួយ ហើយ​ហាង​ទំនិញ​នានា អាច​បើកទ្វារ រហូតដល់​ម៉ោង ១១ យប់​ដើម្បី​ផ្ដល់ជូន​តាម​តម្រូវ​ពលរដ្ឋ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ហ្វុ​ក និយាយ​ដូច្នេះ​ថា​៖«​វៀតណាម មាន​សមត្ថភាព​, ធនធាន បទពិសោធន៍ និង​ឆន្ទៈ​គ្រប់គ្រាន់ ដើម្បី​បង្ការ COVID-19 ។ ដើម្បី​សុខភាព​ប្រជាជន យើង​ប្តេជ្ញា​លះបង់​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​COVID-19 ៥៤ ករណី ខណៈ​ជាសះស្បើយ​មាន ១៦​នាក់​។ យ៉ាងណាមិញ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពុំមាន​ករណី​ស្លាប់​ដោយសារ COVID-19 នោះឡើយ​៕

Tag:
 វៀតណាម​
  ង្វៀន សួន​ហ្វុ​ក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com