កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក​ក្រុម Valencia ដល់​ទៅ​៥​នាក់​មាន COVID-19
16, Mar 2020 , 10:19 pm        
រូបភាព
​ក្លិប Valencia បញ្ជាក់​នៅ​ថ្ងៃទី​១៥ ខែមីនា ថា​កីឡាករ និង​បុគ្គលិក​របស់ខ្លួន​ចំនួន ៥ នាក់ បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ អតីត​ខ្សែការពារ Real Madrid និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Ezequiel Garay ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ​។​


​បើតាម​ការបញ្ជា​ក់រប​ស់​ក្លិប​នៃ​ក្របខណ្ឌ​កំពូល La Liga របស់​អ​ស្ប៉ា​ញ តាមរយៈ​វេ​ប​សាយ​ផ្លូវការ  អ្នក​ឆ្លង​ទាំង​៥​នាក់​នេះ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ផ្ទះ​រៀងខ្លួន​ស្របតាម​វិធាន​ច​ត្តា​ឡី​ស័ក និង​មាន​សុខ​ភាពល្អ​ធម្មតា​។​
 
Garay ដែល​រងរបួស​ជង្គង់ នឹងត្រូវ​អវត្តមាន​ពេញ​មួយ​រដូវ​កាល​បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​នៅ La Liga ដែល​ឆ្លង COVID-19 ក្រោយ​ការធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​។​
​ខ្សែការពារ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ ៣៣​ឆ្នាំ​រូបនេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram ខ្លួន​ថា​៖«​ច្បាស់​ណាស់​ខ្ញុំ​បាន​ដើរ​ខុស​នៅ​ឆ្នាំ ២០២០​។ ខ្ញុំ​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ខ្ញុំ​សុខ​សប្បាយ​ធម្មតា​ទេ ហើយ​ឥឡូវនេះ​ខ្ញុំ​គ្រាន់តែ​ត្រូវ​ធ្វើតាម​អាជ្ញាធរ​សុខាភិបាល និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ប៉ុណ្ណោះ​»​។ ក្រៅពី Garay ក្លិប Valencia ក៏បាន​បញ្ជាក់​ករណី​ជាច្រើន​ទៀត​ភ្លាមៗ​ផងដែរ ដែល​រួមមាន​ខ្សែការពារ Eliaquim Mangala អតីត​កីឡាករ Manchester City និង​បុគ្គលិក​ក្រុម​ដែលមាន​ចំនួន​សរុប​ទាំងអស់​៥​រូប​។ 
 
Valencia បាន​ប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​ក្នុង​ក្របខណ្ឌ Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម ទល់នឹង​ក្រុម​អ៊ីតាលី Atalanta ដែលមាន​មូលដ្ឋាន​នៅ Lombardy ដែលជា​តំបន់​មួយ​បាន​រង​ផលប៉ះពាល​ដោយ COVID-19 យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែ​នៅពេល​លេង​ជើង​ទី​២​នា​ថ្ងៃទី​១៩ ខែកុម្ភៈ វិញ​ម្ចាស់ផ្ទះ Valencia មិន​មានការ​រឹតត្បិត​សម្រាប់​អ្នកគាំទ្រ​ឡើយ ខណៈ​ខ្លួន​ជា​ក្លិប​ដំបូង​គេ​នៅ​អេ​ស្ប៉ា​ញ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​។​
 
​រហូតមក​ដល់ពេល លី​គ​កីឡាបាល់ទាត់​គ្រប់​កម្រិត​នៅ​អេ​ស្ប៉ា​ញ ត្រូវ​ផ្អាក​ការប្រកួត​ទាំងអស់ រួមទាំង​ការហ្វឹកហាត់​ផងដែរ​។ គិត​ត្រឹម​ថ្ងៃទី​១៦ ខែមីនា​នេះ អេ​ស្ប៉ា​ញ​បាន​កើន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 រហូតដល់ ២៩២​នាក់ និង​មាន​អ្នក​ឆ្លង ៧៨៤៧​ករណី និង​សះស្បើយ​ចំនួន ៥១៧​នាក់​៕

Tag:
 COVID-19
  Valencia
© រក្សាសិទ្ធិដោយ thmeythmey.com