COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​ក្លិប Marseille និង Lyon ឌឺដង​គ្នា​ជុំវិញ​ការផ្អាក​លី​គ​នៅ​បារាំង
16, Mar 2020 , 5:49 pm        
រូបភាព
លោក Jacques-Henri Eyraud ប្រធានក្លិប Marseille (ស្តាំ) និងលោក Jean-Michel Aulas ប្រធានក្លិប Lyon
លោក Jacques-Henri Eyraud ប្រធានក្លិប Marseille (ស្តាំ) និងលោក Jean-Michel Aulas ប្រធានក្លិប Lyon
​ប្រធាន​ក្លិប Marseille លោក Jacques-Henri Eyraud និង​ប្រធាន​ក្លិប Lyon លោក Jean-Michel Aulas ឌឺដង​សម្តី​ដាក់គ្នា​ជុំវិញ​ករណី COVID-19 បន្ទាប់ពី​មានការ​ស្នើសុំ​ឲ្យ Ligue 1 លុបចោល​ប្រកួត​រដូវ​កាល​នេះ ចំពេល​ជំងឺឆ្លង​កំពុង​រាលដាល​ខ្លាំង​។​


 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​បារាំង (LFP) បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែមីនា​ហើយ​ថា រាល់​ការប្រកួត​ទាំងអស់​នៅ Ligue 1 និង​លី​គ​លំដាប់​ទី​២ (Ligue 2) ត្រូវ​ផ្អាក​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​តាម​ក្រោយ ដើម្បី​បញ្ជៀ​ស​ពី​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែល​បានសម្លាប់​មនុស្ស​ជាង ៦៥០០ នាក់​នៅ​ទូទាំង​ពិភពលោក​។​
 
​ជុំវិញ​ការផ្អាក​ខាងលើ ប្រធាន​ក្លិប Lyon លោក Aulas បានស្នើ​ឲ្យ Ligue 1 រដូវ​កាល​នេះ បញ្ចប់​ដោយ​គ្មាន​ម្ចាស់​ជើងឯក ឬ​មាន​ក្រុម​ត្រូវការ​កាត់ចោល​ឡើយ​។ នេ​មានន័យថា​ក្រុម​កំពុង​ឈរ​កំពូល​តារាង Paris Saint-Germain ដែល​នាំ​មុខដាច់​ចំនួន​១២​ពិន្ទុ ក្រោយ​ការប្រកួត​២៧​លើក នឹង​បាត់បង់​តំណែង​នេះ​។ ហើយ​ក្រុម​ប្រឈម​កាត់ចោល ដូចជា Nimes, Amiens និង Toulouse រួចខ្លួន​។​
 
​ការស្នើ​របស់ Aulas បែបនេះ បានធ្វើ​ឲ្យ​លោក Eyraud ប្រធាន​ក្លិប Marseille ខឹងសម្បា​យ៉ាងខ្លាំង ស្របពេល​ក្រុម​លោក​ស្ថិតនៅ​លេខ​រៀង​ទី​ពីរ​ដែល​ទទួលបាន​កៅអី Champions League រដូវ​កាល​ក្រោយ ខណៈ Lyon ឈរ​នៅ​លេខ​៧ ហើយ​មាន​គម្លាត​ពិន្ទុ​ដល់​ទៅ​១៦​ពិន្ទុ​ផង​នោះ​។​
 
«​លោក Jean-Michel Aulas បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឱកាសនិយម​របស់គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយជា​ប្រតិបត្តិ​ករ​បាល់ទាត់​ដ៏​អស្ចារ្យ​»​។ នេះ​ជាការ​លើកឡើង​បែប​បញ្ចើចបញ្ចើ​របស់លោក Eyraud ប្រាប់​ទៅកាន់​សារព័ត៌​មានបារាំង Le Journal du Dimanche​។ លោក Eyraud បន្ថែមថា លោក Aulas ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ Lyon តាម​អ្វីដែល​អាចធ្វើ​ទៅបាន​។ 
 
​លោក Aulas មិនបាន​នៅ​ស្ងៀម​ឡើយ បន្ទាប់ពី​លោក Eyraud លើកឡើង​បែបនេះ​។ បុរស​វ័យ​៧០​ឆ្នាំ​រូបនេះ​បាន​វាយបក​វិញ​តាមរយៈ​បណ្តាញ​សង្គម Twitter ថា​៖«​ល្អ​សម្រាប់​អ្នក​និង​សមាជិក​របស់​អ្នក​ដែល​គួរ​ឲ្យ​អស់សំណើច​ដែល​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារតែ COVID-19​។ បើ​និយាយ​ពីអ្វី​ផ្សេង ខ្ញុំ​សង្ឃឹម​អស់ពីដួងចិត្ត​ថា​លី​គ​នឹង​ដំណើរការ​ឡើងវិញ​ឆាប់ៗ ដើម្បី​បញ្ចប់​រឿងរ៉ាវ​»​។​
 
​មកទល់ពេលនេះ លី​គ​កីឡាបាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​ចំនួន​៥​ដូចជា អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង សុទ្ធតែ​បាន​ផ្អាក​ការប្រកួត​រៀងខ្លួន ចាប់តាំងពី​រោគ​ឆ្លង COVID-19 រាលដាល​ខ្លាំង និង​សម្លាប់​មនុស្ស​ជាច្រើន​៕

Tag:
 Jacques-Henri Eyraud
  Jean-Michel Aulas
  COVID-19 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com