COVID-19
ជាតិ
រដ្ឋមន្ត្រីសុខាភិបាល ឲ្យអភិបាលរាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹង COVID-19
× ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសរសេរលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 នៅរាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ។
តាមរយៈលិខិត ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែមីនានេះ លោក ម៉ម ប៊ុនហេង រម្លឹមថា ស្ថានភាពនៃជំងឺ Covid-19 កំពុងរីករាលដាលជាសកល ដែលតម្រូវឲ្យមានការឆ្លើយតបជាបន្ទាន់ ដូច្នេះ ក្រសួង សម្រេចស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្ត រៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺCovid-19។
លោករដ្ឋមន្ត្រី បញ្ជាក់ថា គណៈកម្មការនេះ ត្រូវមានសមាសភាពពីស្ថាប័ន និងមន្ទីរពាក់ព័ន្ធជុំវិញរាជធានី-ខេត្ត ហើយតម្រូវឲ្យអភិបាលរាជធានី-ខេត្ត ធ្វើជាប្រធាននៃគណៈកម្មការនេះតែម្តង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ កម្ពុជា រកឃើញ១២ករណីហើយនៃការឆ្លង COVID-19 រួមមាន បុរសចិនម្នាក់ បុរសខ្មែរ២នាក់ និង បុរសខ្មែរ-អិស្លាម២នាក់ បុរសបារាំងម្នាក់ ទារកបារាំងម្នាក់ បុរសអង់គ្លេសម្នាក់ ស្ត្រីអង់គ្លេស២នាក់ បុរសកាណាម្នាក់ និង បុរសប៊ែលហ្សិកម្នាក់។ បុរសចិន បានជាសះស្បើយវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com