ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា នឹង​ពង្រឹងកម្លាំង​ខ្លួន​ឲ្យ​ប្រសើរ​លើស​មុន ក្រោយ​ខាន​ឡើង​វ៉ៃ​យូរ​
17, Mar 2020 , 8:19 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​អ្នកគាំទ្រ​ក្នុងស្រុក​ជាច្រើន​បានដឹង​រួចហើយ​ថា ចាន់ រតនា ដែលជា​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន​ល្បី​លំដាប់​ពិភពលោក ONE Championship ខក​ឡើង​សង្វៀន​ប្រមាណ​ជា​ប្រ​៨​ខែ​មកហើយ​ន​បើ​គិត​ចាប់ពី​ការឡើង​សង្វៀន​លើកចុងក្រោយ​នា​ពាក់កណ្ដាល​ខែសីហា​។


 
​ទោះជា​មិនទាន់​ឡើង​សង្វៀន​សាជាថ្មី ចាន់ រតនា បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​របស់ ONE បែបនេះ​៖«​ខ្ញុំ​នៅតែ​ហាត់​រាល់ថ្ងៃ ជាមួយ​គ្រូ​ជឺ​ជិត​ស៊ូ និង គ្រូ Lorenzo រួមទាំង​គុន​ខ្មែរ​។ ក្នុងនោះ​ប្រដាល់សកល​ក៏​ហាត់​ជាមួយ​គ្រូ​ជម្រើសជាតិ​សញ្ជាតិ​គុយបា​ដែរ​។  ខាន​វ៉ៃ​យូរ​តែ​ខ្ញុំ​សង្ឃឹមថា​កម្លាំង​របស់ខ្ញុំ​សូវ​ជា​បញ្ហា​។ ខ្ញុំ​ខំ​ហាត់​បុក​ផ្នែក​កម្លាំង​ច្រើន​»​។ 
 
​កីឡាករ​វ័យ ៣៤​ឆ្នាំ​សង្កត់ធ្ងន់​ទៀតថា​៖«​ខ្ញុំ​នៅ​ហាត់​ខ្លួនឯង​ជាប្រចាំ​ដែរ មិន​សម្រាក​ទេ​ទោះជា​មេរោគ Covid-19 ផ្ទុះឡើង​ថ្មីៗ​នេះ​ក្ដី​។  ប៉ុន្តែ​យើង​ត្រូវការពារ​ខ្លួន​និង​ថែរក្សា​អនាម័យ​ឲ្យ​បានល្អ​។ ខ្ញុំ​ហាត់​ខ្លួនឯង​ដើម្បី​ឲ្យ​កម្លាំង​ល្អ​ឡើង​ព្រោះ​ដៃគូ​ជប៉ុន​របស់ខ្ញុំ​ត្រូវ​ជួប​ខាងមុខ​គេ​ខ្លាំងណាស់​។ ចំពោះ​ក្លិប​សិល្បៈ​របស់ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រាប់​កូនសិស្ស​ឲ្យ​សម្រាប់​រយៈពេល​២​សប្ដាហ៍​ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​»​។ 


 
​បន្ទាប់ពី​ឈ្នះ​កីឡាករ​ជំនាញ​ចំបាប់​គុយបា Gustavo Balart នៅក្នុង​កម្មវិធី ONE: DREAM OF GOLD កាល​ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ​នៅ​ប្រទេស​ថៃ  ម្ចាស់​ក្លិប​សិល្បៈ​រូបនេះ​មានការ​តាំងចិត្ត​ខ្ពស់​យ៉ាង​ដូច្នេះ ៖«​ពេល​ខ្ញុំ​ខាន​វ៉ៃ​ច្រើន​ខែ​ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​ប៉ាន់​ស្មានថា​កម្លាំង​របស់​ខ្ញុំ​ខ្លាំង​ជាង​មុន ឬ យ៉ាងណាទេ ប៉ុន្តែ​គោលដៅ​របស់ខ្ញុំ​គឺ​បង្កើន​កម្លាំង​ស៊ុ​ហ្វ​ឲ្យ​ល្អ​ជាង​មុន​»​។ 
 
​ជាមួយគ្នា​នោះដែរ Lorenzo តែងតែ​បង្ហាត់​កម្លាំង​ដល់​កូនសិស្ស​ដើម្បី​ឲ្យ​រូបគេ​អាច​ទប់ទល់​ការប្រកួត​រយៈពេល​៣​ទឹកបាន​ងាយស្រួល និង ត្រូវ​ចេះ​គ្រប់គ្រង​ការប្រកួត​នៅពេល​ហត់​។ គ្រូបង្វឹក​មកពី LLFitness បាន​គូសបញ្ជាក់​៖«​កម្លាំង​សំខាន់​ណាស់ យើង​ត្រូវ​បង្ហាត់ ចាន់ រតនា ឲ្យ​កាន់តែ​ល្អ និង​ចេះ​គ្រប់គ្រង​ការប្រកួត​ថា​ពេល​អស់កម្លាំង​ត្រូវធ្វើ​យ៉ាងណា ឬ ពេល​កម្លាំង​ពេញ​ត្រូវធ្វើ​យ៉ាងណា​។ អ្វីដែល​សំខាន់ រតនា នឹង​ជួប​គូប្រកួត​ខ្លាំង​ជាង Balart ទៅទៀត ដូច្នេះ​ត្រូវ​រៀបចំ​កម្លាំង​ឲ្យ​បានល្អ​ជាង​មុន​»​។ 
 
​នាពេល​កន្លងទៅនេះ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រំលឹកថា​៖« រតនា ខំប្រឹង​ខ្លាំងណាស់​។ រតនា ហាត់​ក្បាច់​ជី​ជិត​ស៊ូ​នៅ​ក្លិប H/art Academy ជាមួយ​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា ដើម្បី​ត្រៀម​រួចជាស្រេច​ក្នុងការ​ប្រកួត​នាពេលខាងមុខ និង​ហាត់​ការពារ​កុំ​ឲ្យ​គ្រោះថ្នាក់​ពេល​គូប្រកួត​ចាប់​ផ្ដួល​លើ​ក្ដារ​រេញ​។ យើង​ចង់​ឲ្យ រតនា កើន​កម្លាំង​ខ្លាំង មាន​ភាព​អំណត់ និង ថាមពល​ខ្លាំង​ដើម្បី​បំបាក់​គូប្រជែង​»​។ 
 
​ចាន់ រតនា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ទទួលជោគជ័យ​ច្រើនជាងគេ​បំផុត​នៅ​សង្វៀន អន្តរជាតិ ONE និង​ឈ្នះ ៣​ដង​ជាប់​គ្នា​ក្លាយជា​កីឡាករ​កម្ពុជា​ល្អ​បំផុត​ប្រចាំ​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​។  ក្នុងការ​ប្រកួត​បន្ទាប់ ចាន់ រតនា ទំនង​ជួប​ជើង​ខ្លាំង​មកពី​ជប៉ុន Yuya Wakamatsu នាពេល​ឆាប់ៗ​នេះ​ប៉ុន្តែ​កម្មវិធី​មួយចំនួន​របស់ ONE ត្រូវបាន​ពន្យារពេល​ដោយសារ​មេរោគ Covid-19​។ រតនា បាន​បង្ហើប​ថា​រូបគេ​ត្រូវ​ជួប Yuya តាំងពី​ខែ តុលា ម្ល៉េះ ប៉ុន្តែ​បែរ​ខកខាន​ទៅវិញ​ដោយសារ រូបគេ​មាន​បញ្ហា​សុខភាព​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE INFINITY 1 នៅ​សុ​ក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ពី​ក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com