COVID-19
អន្តរជាតិ
ថៃ ប្រកាសលើកថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ទៅពេលក្រោយ ប្រជាជនថៃ លេងទឹកក្នុងថ្ងៃសង្រ្កានក្នុងឆ្នាំ ២០១៩។ រូបភាព៖ phuketify
× ថៃ នាថ្ងៃទី១៦ ខែមីនា បានប្រកាសលើកថ្ងៃសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ការលើកថ្ងៃសង្ក្រាន្តនេះ គឺដើម្បីទប់ស្កាត់ករណីឆ្លង និងកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ដែលអាចបង្កឲ្យមានករណីឆ្លងជាសហគមន៍។
កិច្ចប្រជុំរដ្ឋបាលកណ្តាលស្តីពីCOVID-19 ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ជាប្រធាន បានសម្រេចលើកថ្ងៃសង្ក្រាន្តរបស់ថៃ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ទៅពេលថ្ងៃក្រោយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Thanadirek។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថារដ្ឋាភិបាលថៃ នឹងលើកយកថ្ងៃសង្ក្រាននេះ ទៅដាក់ថ្ងៃណាឡើយ ព្រោះមិនទាន់មានការបញ្ជាក់ពី រដ្ឋាភិបាលថៃ។ ប៉ុន្តែការលើកថ្ងៃនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការរីកសាយភាយ COVID-19 នៅក្នុងប្រទេស និងការឆ្លងជាសហគមន៍ តាមរយៈការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងនៅក្នុងស្រុក និងទៅក្រៅប្រទេស។
ចំណែកសំណងនៃថ្ងៃឈប់សម្រាក រដ្ឋាភិបាលថៃ នឹងគិតគូរតាមក្រោយ។
សូមបញ្ជាក់ថា ចំណាត់ការចុងក្រោយនេះធ្វើឡើង បន្ទាប់ពីថៃបានរកឃើញករណីឆ្លងនៅក្នុងប្រទេសយ៉ាងគំហុក។ គ្រាន់តែថ្ងៃទី១៥ ខែមីនា ថៃបានរកឃើញអ្នកផ្ទុកCOVID-19 រហូតដល់ ៣២ករណីឯណោះ ដែលតួលេខនេះ គឺជាអត្រារកឃើញដ៏ខ្ពស់បំផុតរបស់ថៃ ចាប់តាំងពីផ្ទុះកូរ៉ូណាវីរុសមក៕
© រក្សាសិទ្ធិដោយ thmeythmey.com