COVID-19
អន្តរជាតិ
​មេដឹកនាំ​សាសនា​ជាន់ខ្ពស់ និង​អតីត​មេបញ្ជាការ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ស្លាប់​ដោយសារ COVID-19
16, Mar 2020 , 6:25 pm        
រូបភាព
ដោយ: រួបរួម
​លោក Ayatollah Hashem Bathaie Golpayegani មេដឹកនាំ​សាសនា​ជាន់ខ្ពស់​ម្នាក់​នៅ​អ៊ីរ៉ង់ បាន​ស្លាប់​ដោយសារ COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន IRNA នៅ​ថ្ងៃ​ចន្ទ ពោលគឺ​បី​ថ្ងៃក្រោយ​មរណភាព​របស់​លោក Nasser Shabani អតីត​មេបញ្ជាការ​ឆ្នាំ​បដិវត្ត​ឥស្លាម​អ៊ីរ៉ង់​។​



​លោក Golpayegani ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ក្រុង Qom កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​តេស្ត​វិជ្ជមាន COVID-19​។ លោក​ជា​មេដឹកនាំ​សាសនា​កំពូល​ម្នាក់​ក្នុងចំណោម​៨៨​នាក់​នៅ​សភា Assembly of Experts ដែលជា​ស្ថាប័ន​កំពូល​មួយ​នៅ​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​សុក្រ លោក Nasser Shabani អតីត​មេបញ្ជាការ​ឆ្នាំ​បដិវត្ត​ឥស្លាម​អ៊ីរ៉ង់ ក៏បាន​ស្លាប់​ដោយសារ​មេរោគ​រាតត្បាត​នេះ​ផងដែរ​។ លោក Shabani បានចាប់ផ្តើម​ចូលក្នុង​កងកម្លាំង​យោធា​អ៊ីរ៉ង់​ពី​ឆ្នាំ​១៩៨២ នា​អំឡុង​សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីរ៉ាក់​។​

​កន្លងមក​ឥស្សរជន​កំពូល​នៅ​អ៊ីរ៉ង់​ដែល​បាន​ស្លាប់​ដោយសារ COVID-19 មានដូចជា លោក Hadi Khosroshahi អតីត​ទូត​ប្រចាំ​វ៉ា​ទី​កង់ និង​អ្នកនយោបាយ​ផ្សេងទៀត​រួមមាន Mohammad Mirmohammadi, Hossein Sheikholeslam, Fatemeh Rahbar, Mohammad-Reza Rahchamani​។​

​មកដល់ពេលនេះ អ៊ីរ៉ង់ មាន​អ្នក​ឆ្លង​ជិត​១៥០០០​ករណី ក្នុងនោះ​៨៥៣​នាក់​ស្លាប់ និង​ជិត​៤៦០០​នាក់​ត្រូវបាន​ព្យាបាល​សះស្បើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com