COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១២ករណីទៀតហើយ
× ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា នេះ បានប្រកាសរកឃើញ១២ករណីដែលឆ្លង COVID-19 នៅកម្ពុជា។ ក្នុងចំណោមនោះ ១១ករណីជាបុរសខ្មែរឥស្លាម ដែលមកពីបុណ្យសាសនានៅម៉ាឡេស៊ី និងមួយទៀត មកពីប្រទេសថៃ។
ករណីទាំង១២ថ្មី រួមមាន៖
-២ករណីនៅបន្ទាយមានជ័យ ដែលម្នាក់ជាខ្មែរឥស្លាម នៅសេរីសោភ័ណ និងម្នាក់ជាជនជាតិខ្មែរដែលមកពីថៃ និងនៅសេរីសោភ័ណដូចគ្នា។ បច្ចុប្បន្នព្យាបាលនៅពេទ្យបន្ទាយមានជ័យ។
-២ករណីនៅភ្នំពេញ ដោយម្នាក់អាយុ៦៣ឆ្នាំ និងម្នាក់អាយុ៦៤ឆ្នាំ នៅព្រែកប្រា។ ព្យបាលនៅពេទ្យខ្មែរសូវៀត។
-២ករណីនៅកំពង់ឆ្នាំង ដោយម្នាក់អាយុ៧៥ឆ្នាំ និងម្នាក់អាយុ២៨ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
-៤ករណីនៅបាត់ដំបង ដែលមានអាយុពី៣៨ឆ្នាំ ដល់៤៥ឆ្នាំ សម្រាកនៅពេទ្យខេត្ត។
-១ករណីនៅកំពត អាយុ៣០ ជាអ្នកបកប្រែឲ្យម៉ាឡេស៊ី ដែលធ្វើការនៅកែប។ បច្ចុប្បន្ននៅពេទ្យខេត្តកែប។
-១ករណីនៅត្បូងឃ្មុំ អាយុ៦១ឆ្នាំ ព្យាបាលនៅមន្ទីរពេទ្យខេត្តនៅពញាក្រែក។
បុរសខ្មែរឥស្លាមទាំង១១នាក់ស្ថិតក្នុងចំណោមអ្នកចូលរួមពិធីសាសនានៅម៉ាឡេស៊ី សរុប៧៩នាក់ ពោលពីបន្ថែមលើ២ករណីទៀតនៅព្រះវិហារ។
១២ករណីកន្លងមករួមមាន៖
ថ្ងៃទី២៧ ខែមករា៖
- ទេសចរជនជាតិចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ ដែលធ្វើដំណើរពីក្រុងវូហាន ហើយបានជាសះស្បើយ និងចេញពីពេទ្យនៅថ្ងៃទី១០ ខែកុម្ភៈ។
ថ្ងៃទី៧ ខែមីនា៖
-បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលឆ្លងពីអ្នកជំងឺជនជាតិជប៉ុន។ បច្ចុប្បន្នគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ថ្ងៃទី១០ ខែមីនា៖
-ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរលើនាវា Viking Cruise Journey ពីហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី១២ ខែមីនា៖
-ប្តីប្រពន្ធអង់គ្លេស ដែលជាអ្នកដំណើរលើនាវា Viking Cruise Journey ពីហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ ប្តីអាយុ៧៣ឆ្នាំ ប្រពន្ធអាយុ៦៩ឆ្នាំ។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី១៣ ខែមីនា៖
-បុរសជនជាតិកាណាដា ដែលជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយនៅភ្នំពេញ ដែលត្រឡប់មកពីប្រទេសថៃ។ បច្ចុប្បន្នសម្រាកព្យាបាលនៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្លួន។
-បុរសជនជាតិបែលហ្ស៊ិក ដែលបម្រើនៅអង្គការអន្តរជាតិមួយនៅភ្នំពេញ។ គាត់ទើបមកពីអឺរ៉ុប ដោយបច្ចុប្បន្នព្យាបាលដាច់ដោយឡែកនៅពេទ្យរុស្ស៊ី។
ថ្ងៃទី១៥ ខែមីនា៖
-បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំនៅភ្នំពេញ ដែលធ្វើដំណើរពីបារាំង ហើយបានធ្វើតេស្តនៅសិង្ហបុរី។ គាត់មកដល់ភ្នំពេញ មុនការបញ្ជាក់ពីលទ្ធផលតេស្តវិជ្ជមាន។
-ទារកអាយុ៤ខែ ដែលជាកូនបុរសជនជាតិបារាំងអាយុ៣៥ឆ្នាំ។ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារ។
-បុរសជនជាតិខ្មែរដែលទើបវិលត្រឡប់ពីប្រទេសបារាំង។ បច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
-២ករណីលើបុរសខ្មែរឥស្លាមនៅខេត្តព្រះវិហារ។ ពួកគាត់ស្ថិតក្នុងចំណោមអ្នកទៅចូលរួមពិធីសាសនាមួយនៅជិតទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ីុ៕
© រក្សាសិទ្ធិដោយ thmeythmey.com