ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាទម្លាប់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះប្រព័ន្ធភាពស៊ាំរាងកាយ!
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖
១. ជក់បារី
មិនចាំបាច់តែជក់ផ្ទាល់តែម្ដងនោះទេត្រឹមការហិតផ្សែងបារីពីអ្នកផ្សេងក៏អាចបណ្ដាលឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនផងដែររួមបញ្ចូលទាំងប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។ នីកូទីនជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះបង្កឲ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺមហារីកសួត។
២. ទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំ។
៣. គេងមិនគ្រប់គ្រាន់
ប្រព័ន្ធភាពស៊ាំរាងកាយងាយនឹងចុះខ្សោយណាស់ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៨ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់។
៤. ស្ត្រេសខ្លាំងពេករយៈពេលយូរ
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង។
៥. មិនធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ជាវិធីដ៏ល្អបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ។ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។
៦. ទទួលទានស្ករច្រើនពេក
ជាតិស្ករបន្ថយសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគហើយវាថែមទាំងជំនួសវីតាមីនសេដែលជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយចេញទៀត។ ក្នុងរយៈពេលតែប៉ុន្មាននាទីបន្ទាប់ពីទទួលទានស្ករ មុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយត្រូវថយចុះប្រមាណ ៤០ ភាគរយឯណោះ។ ដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយការទទួលទានជាតិស្ករ ហើយបង្កើនការទទួលទានវីតាមីន C ជំនួសវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh