ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់ឱ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរឡើង កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ
18, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចង់ឱ្យ​ការរំលាយ​អាហារ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​?

 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដែល​ជួយ​ឱ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរឡើង ៖

១. ទទួលទាន​ទឹក​
 
​ការរក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ គឺ​សំខាន់​ណាស់​។ តាមពិត​ការទទួល​ទាន​ឱ្យបាន​គ្រប់គ្រាន់​ជាការ​ងារ​ដ៏​ស្រួល​បំផុត​មួយ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​បែរជា​ធ្វើ​មិនបាន​។ ប្រព័ន្ធ​រំលាយ​អាហារ​ត្រឹម​ត្រូវការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​។ ពេលវេលា​ដ៏​ប្រសើរ​បំផុត​ក្នុងការ​ទទួលទាន​ទឹក គឺ​យ៉ាងហោចណាស់​ពី ១៥ ទៅ ៣០ នាទី​មុនពេល​អាហារ​។ អ្នក​ក៏​អាច​ក្រេប​បន្តិចៗ (​កុំ​ច្រើនពេក​) កំឡុងពេល​ទទួលទាន​ផងដែរ​។​

២. ទទួលទាន​យឺតៗ​និង​ទំពារ​ឱ្យបាន​ត្រឹមត្រូវ​
 
​ការ​ទំពារ​ឱ្យបាន​ត្រឹមត្រូវ គឺ​សំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​រំលាយ ក៏ដូចជា​ដំណើរការ​នៃ​រំលាយ​អាហារ​។ នៅពេល​អ្នក​ទំពារ គឺ​អ្នក​កំពុង​បំបែក​អាហារ​ដែល​អ្នក​ទទួលទាន​ទៅជា​បំណែក​តូចៗ​ដូច្នេះ​រាងកាយ​ងាយស្រួល​ស្រូបយក​វីតាមីន​ដែល​អាហារ​មាន​ផ្ទុក​កាន់តែ​ប្រសើរ​។ ម្យ៉ាងវិញទៀត​ការ​ទំពារ​អាហារ​ត្រឹមត្រូវ​ក៏​បង្កើន​ភាពងាយស្រួល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដើម្បី​ដំណើរការ​រំលាយ​អាហារ​បន្តទៀត​ផងដែរ​។​
 
៣. ទទួលទាន​អាហារ​សុខភាព​ល្អ​
 
​អាហារ​សុខភាព​ល្អ​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ អាហារ​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អំបិល ខ្លាញ់​មិនល្អ និង​ស្ករ​ដែល​រាងកាយ​ពិបាក​នឹង​រំលាយ​។ ហើយ​អាហារ​កែច្នៃ​ក៏​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វី​ចំពោះ​សុខភាព​ដូច​អាហារ​សុខភាព​ល្អ​បន្លែ​ផ្លែឈើ​អ្វី​ដែរ​។​
 
៤. ទទួលទាន​ទឹក​លាយ​ទឹកក្រូច​ឆ្មារ​រាល់​ព្រឹក​
 
​គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា ១ កែវ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច​រាល់​ព្រឹក​ក៏​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ផងដែរ​។ ការទទួល​ទាន​ទឹក​ធម្មតា ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​នៅពេល​ព្រឹក​មាន​ឥទ្ធិពល​ជួយ​បង្កើន​ភាព​សកម្ម​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​និង​បន្សាប​ជាតិពុល​ផ្សេងៗ​ទៀតផង​។​
 
៥. ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​

​ជាតិ​សរសៃ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​រំលាយ​អាហារ​មិនឱ្យ​ធ្វើការ​លឿន​ពេក ឬ​យឺត​ពេក​។ វា​ក៏​ជួយ​រក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​និង​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com