COVID-19
ជាតិ
ចិន នឹង​បញ្ជូន​សារធាតុ​រក​វីរុស COVID-19 មក​កម្ពុជា
17, Mar 2020 , 11:00 am        
រូបភាព
​ភ្នំពេញ​៖ បើគ្មានអ្វីប្រែប្រួលទេ! រដ្ឋាភិបាល​ចិន នឹង​បញ្ជូន​សារធាតុ​Detection Reagent ដែលជា​សារធាតុ​ម្យ៉ាង​សម្រាប់​ពិនិត្យ​រក​វីរុស COVID-19 មក​កម្ពុជា នៅ​ថ្ងៃទី​១៧ មីនា​នេះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​



​ស្ថានទូត​ចិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែមីនា សារធាតុ​Detection Reagent​ជំងឺ​វីរុស​COVID-19​សម្រាប់​មនុស្ស​២០០០​នាក់ ដែលជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ ហើយ​ជំនួយ​សារធាតុ​ទាំងនេះ​នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​»​។

​ក្រៅពី​សារធាតុ​គីមី​នេះ ប្រទេស​ចិន ក៏​នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ ព្រមទាំង​ផ្តល់​ជា​កម្លាំង​គាំទ្រ​កម្ពុជា ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19​នេះ​។​

​សារ​ធាតុគីមី​ប្រតិកម្ម (Detection Reagent) គឺជា​សារធាតុ​គីមី សម្រាប់​តាមដាន​រក​វត្តមាន​របស់​វីរុស​COVID-19​។ បើសិនជា​ដាក់​សារធាតុ​ប្រភេទ​នេះ ចូលទៅក្នុង​ឧបករណ៍​ធ្វើតេស្ត គេ​អាច​រកឃើញ​វីរុស​COVID-19 ក្នុង​រយៈពេល​១៥​នាទី ដែល​វា​លឿន​ជាង​ការប្រើប្រាស់​តេស្ត​ប្រភេទ Polymerase Chain Reaction ឬ PCR ដែល​ទាមទារ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុងការ​តាមដាន​លទ្ធផល​។ ជាធម្មតា តេស្ត PCR ត្រូវការ​ប្រើប្រាស់​ពេល​ពី​៤ ទៅ​៦​ម៉ោង​ក្នុង​ការដឹង​វត្តមាន​នៃ​វីរុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Japan Times ។​

អត្ថបទទាក់ទង
 

​គិត​ត្រឹម​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៧ មីនា​នេះ កម្ពុជា រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​២៤​នាក់​ហើយ​។ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ឥស្លាម​១៣​នាក់ ខ្មែរ​៣​នាក់ អង់គ្លេស​៣​នាក់ បារាំង​២​នាក់​(​ទារក​១​នាក់​) និង​៣​នាក់​ទៀត គឺ​ជនជាតិ​កាណាដា ,​បែលហ្ស៊ិក និង​ចិន (​ជាសះស្បើយ​) ៕


Tag:
 COVID-19
  Detection Reagent
© រក្សាសិទ្ធិដោយ thmeythmey.com