COVID-19
ជាតិ
រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវឲ្យពលរដ្ឋ រក្សាលំនឹងផ្លូវចិត្ត
17, Mar 2020 , 11:04 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុភិបាល បានអំពាវនាវឲ្យសាធារណជន រក្សាភាពនឹងនក្នុងចិត្ត និង កុំមានការភ័យខ្លាច ហើយត្រូវជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការអំពាវនាវរបស់លោក គឺធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។



លោក ម៉ម ប៊ុនហេង ធ្វើសេចក្តីអំពាវនាវនេះ ស្របពេលកម្ពុជា បានរកឃើញមនុស្ស១២នាក់បន្ថែមទៀត ដែលឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ដោយក្នុងនោះ មានបុរសខ្មែរ- អ៊ិស្លាម១១នាក់ ដែលទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោករដ្ឋមន្រ្តី លើកឡើងថា រដ្ឋាភិបាល បានឲ្យក្រសួងសុខាភិបាល សហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និង ដើម្បីបញ្ចៀសការចម្លងកូវីដ-១៩ ក្នុងសហគមន៍ជាយថាហេតុ។

មកដល់ពេលនេះ កម្ពុជា ពុំទាន់មានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ឡើយ។ ករណីទាំង២៤ ដែលកើតឡើងនៅកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីសុខាភិបាល បានក្រើនរម្លឹកប្រជាពលរដ្ឋឲ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថានជំវិញខ្លួនឲ្យបានជាប់ជាប្រចាំ។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោករដ្ឋមន្រ្តី ក៏បានប្រកាសដែរថា រដ្ឋាភិបាល សម្រេចយកសណ្ឋាគារ The Great Duke ដែលជាអតីតសណ្ឋាគារអាំងទ័រកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកមានកូវីដ-១៩ នៅកម្ពុជា។

លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន លោករដ្ឋមន្រ្តី បានណែនាំទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យបង្កើតគណៈកម្មការតាមរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

មិនត្រឹមតែប៉ុណ្ណឹងទេ សម្តេចនាយកដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីគ្រប់ស្ថាប័ន ផ្អាកធ្វើដំណើរទៅប្រទេសមួយចំនួនដែលកំពង់ផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ជាដើម។ ម្យ៉ាងទៀត អ្នកដំណើរពីប្រទេសទាំងនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្អាកមិនឲ្យចូលកម្ពុជាមួយរយៈដែរ។ រីឯសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ត្រូវបិទមួយរយៈ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com