COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក Flamengo ថា​នៅតែមាន​អារម្មណ៍ល្អ ទោះ​កើត COVID-19
17, Mar 2020 , 11:28 am        
រូបភាព
លោក Jorge Jesus គ្រូបង្វឹកក្រុម Flamengo
លោក Jorge Jesus គ្រូបង្វឹកក្រុម Flamengo
​លោក Jorge Jesus គ្រូបង្វឹក​ក្រុម Flamengo នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ប្រេ​ស៊ី​លអះ​អា​ថា​លោក​នៅមាន​អារម្មណ៍ល្អ​ធម្មតា​ដដែល បើ​ទោះ​ធ្វើតេស្ត​រកឃើញថា​ឆ្លង COVID-19 ក្តី​។


 
​ម្ចាស់​ជើងឯក​លី​គ Campeonato Brasileiro Série A របស់​ប្រេ​ស៊ី​ល​បានប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែមីនា​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៦៥​ឆ្នាំ បានធ្វើ​តេ​ស្តិ​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ បើទោះបី​មិនទាន់​ចេញ​រោគសញ្ញា​ក៏ដោយ​។​
 
​នៅក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram លោក Jesus ថា​លោក​មិនមាន​អាការ​អ្វី​ប្លែក​ខុសពី​សព្វដង​ទាល់តែសោះ​ទោះបីជា​បាន​ឆ្លង COVID-19 ក្តី​។​
 
«​សួស្តី​អ្នក​ទាំងអស់គ្នា​។ ពិតណាស់​ការធ្វើ​តេស្តរ​បស់​ខ្ញុំ​គឺ​លទ្ធផល​វិជ្ជមាន​។ វា​ក៏​ជាការ​ពិត​ដែរ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ដូច​ធម្មតា ខ្ញុំ​មាន​អារម្មណ៍​ដូច​កាលពី​មួយខែ​មុន មួយឆ្នាំ​មុន ២ ៤ ៤ ឆ្នាំមុន ... ខ្ញុំ​មិនមាន​អារម្មណ៍​អ្វី​ប្លែក​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក Jesus ដោយ​បន្ថែមថា បើ​ទោះ​យ៉ាងនេះ​ក្តី​លោក​នៅតែ​ធ្វើតាម​និតិ​វិធី​របស់​សុខាភិបាល​ដោយ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​មួយរយៈ​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) ក៏បាន​ប្រកាស​ផ្អាក​រាល់​ការប្រកួត​កីឡាបាល់ទាត់​ក្នុងស្រុក​គ្រប់​កម្រិត​ទាំងអស់​នៅ​ថ្ងៃទី​១៥ ខែមីនា ដោយ​មិនទាន់​ប្រកាស​កាលកំណត់​ឡើយ​។ រហូតមកដល់​ថ្ងៃទី​១៧ ខែមីនា នេះ ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​២៣៤​នាក់ សះស្បើយ​ម្នាក់ និង​មិនទាន់មាន​អ្នកស្លាប់​ឡើយ​៕

Tag:
 COVID-19
  Jorge Jesus
  Flamengo
© រក្សាសិទ្ធិដោយ thmeythmey.com