COVID-19
អន្តរជាតិ
បារាំង​ប្រកា​សបិទ​ប្រទេស​១៥​ថ្ងៃ ខណៈ​អ្នក​ឆ្លង​COVID-19​លើស​៦​ពាន់​នាក់​
17, Mar 2020 , 11:59 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (AFP)
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (AFP)
​ដោយ​៖​ គយ រតន​បុរិន្ទ

​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​ចាត់វិធានកា​រ​រឹតត្បិត​ការដើរ​ហើរ​របស់​ប្រជាជន​ខ្លួន​រយៈពេល​១៥​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​អង្គារ​ទី​១៧ មីនា នេះ​តទៅ​។ ទន្ទឹមនេះ ក្រសួង​ហិរញ្ញវត្ថុ​នឹងដាក់​សំណើ​ទៅ​រដ្ឋសភា​នា​សប្តាហ៍​ក្រោយ ដើម្បី​សុំ​កញ្ចប់​ថវិកា ៣០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ​ធុរកិច្ច​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​។​

 
​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​តាមរយៈ​ទូរទស្សន៍​នៅ​ថ្ងៃ​ចន្ទ ទី​១៦ មីនា ប្រធានាធិបតី​បារាំង​រូបនេះ បានស្នើរ​ឲ្យ​ប្រជាពលរដ្ឋ​សម្ងំ​នៅផ្ទះ​និង​ចៀសវាង​ការចេញ​ទៅ​ដើរហើរ​នៅ​ខាងក្រៅ ដរាបណា​មានការ​ចាំបាច់​ក្នុង​ការទិញ​ម្ហូបអាហារ ទៅធ្វើ​ការ ឫ​ស្វែងរក​ការថែទាំ​សុខាភិបាល​។​
 
​ម្យ៉ាងវិញទៀត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Christophe Castaner បានសម្រេច​ដាក់ពង្រាយ​មន្ត្រី​១០​ម៉ឺន​នាក់ ដើម្បី​អនុវត្ត​វិធានការ​នេះ​។ បើតាម​ការអះអាង​រប​ស់លោក មនុស្ស​ទាំងឡាយណា​ដែល​ធ្វើដំណើរ នឹងត្រូវ​បង្ហាញ​ហេតុផល​សមស្រប ខណៈ​បុគ្គល​ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​វិធានការ​ខាងលើ និង​ត្រូវ​ទទួលពិន័យ​។ 
 
​ទន្ទឹមនេះ ទាហាន​បារាំង​ក៏ត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ដឹកជញ្ជូន​អ្នកជំងឺ រីឯ​មន្ទីរពេទ្យ​យោធា​ក៏ត្រូវ​បានរៀបចំ​ផងដែរ​នៅ​តំបន់ Alsace ភាគ​ខាងកើត​ប្រទេស ដែលជា​តំបន់​រងគ្រោះ​ពី​ជំងឺ COVID-19 ខ្លាំងជាងគេ​។ 
 
​ដោយឡែក រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire នឹងដាក់​សំណើ​ទៅ​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​កញ្ចប់​ថវិកា ៣០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ​ធុរកិច្ច​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​។ ត្រង់ចំណុច​នេះ លោក​ប្រធានាធិបតី​បារាំង​បាន​បន្ថែមទៀតថា​៖«​គ្មាន​ក្រុមហ៊ុន​បារាំង ទោះ​ខ្នាត​ប៉ុណ្ណា​ក៏ដោយ នឹងមិន​ត្រូវ​ទទួល​ហានិភ័យ​ដួលរលំ​ឡើយ​»​។​
 
​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប ព្រំដែន​ខាងក្រៅ​របស់​ស​ហ​ភាព​នឹងត្រូវ​បិទ​រយៈពេល​៣០​ថ្ងៃ នេះ​បើ​យោងតាម​ប្រសាសន៍​ប្រធានាធិបតី​បារាំង រីឯ​ការធ្វើដំណើរ​ក្នុង​តំបន់ Schengen វិញ​នឹង​ត្រូវបាន​រឹតបន្តឹង​។ ទន្ទឹមនេះ ការបោះឆ្នោត​ឃុំ​-​សង្កាត់​ជុំ​ទី​២ និង​កម្មវិធី​កំណែទម្រង់​ប្រាក់​ចូលនិវត្តន៍​ដ៏​ចម្រូងចម្រាស់​របស់​រដ្ឋា​ភិ​បាល​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។ រដ្ឋាភិបាល​បារាំង នឹង​រៀបចំ​ក្រឹត្យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ប្រសិនបើ​ចាំបាច់​។​
 
​សូមបញ្ជាក់ថា តុល្យការ​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ចំនួន​អ្នកស្លាប់​នៅ​បារាំង​មាន​ចំនួន ១៤៨​ករណី ចំណែក​ការឆ្លង​មាន​ចំនួន ៦៦៣៣ ករណី​ហើយ ខណៈ​អ្នក​សះស្បើយ ១២​នាក់​៕

Tag:
 Emmanuel Macron
  បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com