COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋមន្ត្រីសិង្ហបុរីថា ប្រព័ន្ធសុខាភិបាលសិង្ហបុរី សម្រាប់តែពលរដ្ឋសិង្ហបុរី រដ្ឋមន្រ្តីអភិវឌ្ឍជាតិសិង្ហបុរី Lawrence Wong និងជាសហប្រធានក្រុមការងារឆ្លើយតប COVID-19 ។
× លោក Lawrence Wong រដ្ឋមន្ត្រីអភិវឌ្ឍជាតិរបស់សិង្ហបុរី នៅថ្ងៃទី១៥ ខែមីនា ប្រកាសថា ប្រព័ន្ធសុខាភិបាលសិង្ហបុរី ត្រូវផ្ដល់អាទិភាពសម្រាប់ប្រជាជនសិង្ហបុរីមុនទេ។ លោក Wong លើកឡើងបែបនេះ ក្រោយពលរដ្ឋបរទេសជាច្រើនដែលឆ្លងជំងឺ COVID-19 នាំគ្នាធ្វើដំណើរទៅកាន់សិង្ហបុរីដើម្បីទទួលការព្យាបាល។ បើតាមរដ្ឋមន្ត្រីរូបនេះ សុខភាពប្រជាជនសិង្ហបុរី ជាគោលដៅសំខាន់របស់រដ្ឋាភិបាល ហើយការរឹតបន្តឹងព្រំដែនជារឿងចាំបាច់។
ដើម្បីទប់ស្កាត់ករណីរាលដាល COVID-19 រដ្ឋាភិបាលសិង្ហបុរី បានប្រកាសរឹតបន្តឹងការធ្វើដំណើរចូលក្នុងប្រទេស។ បន្ថែមពីអ្នកដំណើរមកពីប្រទេសអ៊ីតាលី ចិន និងអ៊ីរ៉ង់ សិង្ហបុរីបានប្រាប់អ្នកដំណើរទាំងអស់ដែលមានប្រវត្តិធ្វើដំណើរនៅប្រទេសអាស៊ាន ជប៉ុន ស្វ៊ីស និងចក្រភពអង់គ្លេស ត្រូវនៅដោយឡែករយៈពេល១៤ថ្ងៃសិន។ ករណីលើកលែងត្រូវអនុវត្តចំពោះម៉ាឡេស៊ី ដោយនឹងមានវិធានការដោយឡែកផ្សេង។
រដ្ឋមន្ត្រីអភិវឌ្ឍជាតិរបស់សិង្ហបុរី លោក Lawrence Wong វិធានការខាងលើ ក៏មានគោលដៅទប់ស្កាត់ការធ្វើដំណើររបស់ជនបរទេសដែលចង់ទទួលបានការព្យាបាល COVID-19 នៅសិង្ហបុរីផងដែរ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែមីនា លោក Wong ដែលជាសហប្រធានក្រុមការងារឆ្លើយតប COVID-19 របស់សិង្ហបុរី និយាយថា កន្លងទៅ មានអ្នកដំណើរមួយចំនួនធ្វើដំណើរចូលសិង្ហបុរីក្នុងគោលដៅជាក់លាក់ គឺស្វែងរកសេវាសុខាភិបាល។
លោកបន្តថា ការណ៍នេះ ធ្វើឲ្យសិង្ហបុរីជួបបញ្ហាក្នុងការដោះស្រាយស្ថានការណ៍បែបនេះ បន្ថែមពីលើពីការព្យាបាលប្រជាជនរបស់ខ្លួន។ ត្រង់ចំណុចនេះ លោក Wong បញ្ជាក់ថា៖ «អំឡុងពេលសំខាន់នេះ ធនធានសុខាភិបាលរបស់យើង បានចេញច្រើន។ ដោយសារមូលហេតុទាំងពីរ គឺការគ្រប់គ្រងការឆ្លងចូលពីខាងក្រៅ និងដោះស្រាយតម្រូវការសេវាសុខភាពសិង្ហបុរី យើងត្រូវតែពង្រឹងវិធានការត្រួតពិនិត្យព្រំដែនរបស់យើង។»
បើតាមលោក Wong អាទិភាពរបស់រដ្ឋាភិបាលក្នុងពេលនេះ គឺធានាថា ធនធានសុខាភិបាលសិង្ហបុរី ត្រូវជួយពលរដ្ឋសិង្ហបុរី។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ច្បាស់ថា បើប្រជាជនសិង្ហបុរីឈឺ មានឆ្លង COVID-19 ពួកគេ ត្រូវមានបន្ទាន់សង្គ្រោះសម្រាប់ពួកគេ និងសមត្ថភាពដើម្បីមើលថែសុខភាពពួកគេ។ លោកបន្ថែមថា សិង្ហបុរីយល់ពីមូលហេតុរបស់អ្នកដំណើរទាំងនោះ ប៉ុន្តែសិង្ហបុរី មិនអាចទប់ទល់នឹងការកើនឡើងតម្រូវការភ្លាមៗឡើយ ហើយម្យ៉ាងមន្ទីរពេទ្យសិង្ហបុរី គឺសម្រាប់ប្រជាជនសិង្ហបុរី។
ទាក់ទងចំណាត់ការរឹតបន្តឹងការធ្វើដំណើរនេះ លោក Wong ក៏បកស្រាយពីមូលហេតុដែលសិង្ហបុរីមិនបញ្ចូលអ្នកដំណើរធ្លាប់ចេញចូលអាមេរិកថ្មីៗក្នុងបញ្ជីរបស់ខ្លួន។ លោកពន្យល់ថា អាមេរិក បានចាត់វិធាការតឹងរ៉ឹងដោយខ្លួនឯងហើយ ប៉ុន្តែប្រទេសខ្លះ ហាក់មិនសូវយកចិត្តទុកដាក់លើការទប់ស្កាត់ COVID-19 ឡើយដែលនេះតម្រូវឲ្យសិង្ហបុរីមានវិធានការខ្លាំង។ លោកលើកចំឈ្មោះអង់គ្លេស និងស្វ៊ីស ដែលបានបោះបង់ការប៉ុនប៉ងដើម្បីទប់ស្កាត់ COVID-19 ៕
Tag:
COVID-19
សិង្ហបុរី
Lawrence Wong
© រក្សាសិទ្ធិដោយ thmeythmey.com