COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ប្រាប់វិនិយោគិនបរទេស កុំឲ្យភ័យនឹងកូវីដ-១៩ នៅកម្ពុជា
17, Mar 2020 , 1:15 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារទៅកាន់រាល់អ្នកវិនិយោគបរទេសនៅកម្ពុជា កុំឲ្យមានការភ័យបារម្ភលើបញ្ហា (កូវីដ-១៩) ដែលកំពុងតែជួបប្រទះនាពេលនេះ ព្រោះកម្ពុជា កំពុងតែមានវិធានការទប់ស្កាត់ហើយ។ សម្តេច រំលេចសារនេះឡើយ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។



ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរពីសម្តីរបស់សម្តេច ដែលនិយាយជាមួយលោក Takahashi Fumiaki យ៉ាងដូច្នេះថា៖«បញ្ហាជំងឺខូវីដ-១៩ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច»។

បន្ថែមលើពីនេះ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា មានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ទាំងសម្រាប់រយៈពេលខ្លីនិងរយៈពេលវែង។

លោក Takahashi Fumiaki ថ្លែងទៅកាន់សម្តេច ហ៊ុន សែន ថា ប្រតិភូដែលលោក នាំមកកម្ពុជាពេលនេះ គឺជាប្រតិភូអ្នកវិនិយោគ ដែលកំពុងធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគ នៅកម្ពុជា។

នៅថ្ងៃ១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា បានរកឃើញមនុស្ស១២នាក់បន្ថែមទៀត ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មានបុរសខ្មែរ- អ៊ិស្លាម១១នាក់ ដែលទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com