កម្ពុជា បិទ KTV និង រោងភាពយន្តទាំងអស់
COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា បិទ KTV និង រោងភាពយន្តទាំងអស់
17, Mar 2020 , 1:20 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល  ប្រកាសឲ្យបិទខេធីវី (KTV) និង រោងភាពយន្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឺងរបស់លោក ដែលផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង គ្រប់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

 

លោក ម៉ម ប៊ុនហេង អះអាងថា ការបិទខេធីវី និង រោងភាពយន្តនេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បញ្ជាក់ថា ការបិទខេធីវី និង រោងភាពយន្ត គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ រហូតទាល់តែស្ថានការណ៍នៃការរាលដាលកូវីដ-១៩ បានធូរស្រាលវិញ។ 

ការប្រកាសបិទខេធីវី និង រោងភាពយន្ត គឺក្រោយពីកម្ពុជា រកឃើញមនុស្ស១២នាក់បន្ថែមទៀត ដែលឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ដោយក្នុងនោះ មានបុរសខ្មែរ- អ៊ិស្លាម១១នាក់ ដែលទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩។

នៅថ្ងៃម្សិលមិញ (ថ្ងៃទី១៦ ខែមីនា) ក្រសួងអប់រំ បានបញ្ជាឲ្យបិទសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស។ សិស្សចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ត្រូវបានជំរុញឲ្យរៀនតាមអនឡាញ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com