នាវា​ទេ​ចរណ៍​កម្ពុជា​៥​គ្រឿង ដែល​វៀតណាម​មិន​ឲ្យ​ចត កំពុងធ្វើដំណើរ​មក​កំពង់ផែ​ភ្នំពេញ
ជាតិ
សង្គមជាតិ
នាវា​ទេ​ចរណ៍​កម្ពុជា​៥​គ្រឿង ដែល​វៀតណាម​មិន​ឲ្យ​ចត កំពុងធ្វើដំណើរ​មក​កំពង់ផែ​ភ្នំពេញ
17, Mar 2020 , 3:47 pm        
រូបភាព
នាវា១គ្រឿង ក្នុងចំណោមទាំង៥គ្រឿង ស្ថិតក្នុងបរិវេណនៃច្រកផ្លូវទឹកអន្តរជាតិក្អមសំណ (រូប ថតចេញពីវីដេអូរបស់ BTV)
នាវា១គ្រឿង ក្នុងចំណោមទាំង៥គ្រឿង ស្ថិតក្នុងបរិវេណនៃច្រកផ្លូវទឹកអន្តរជាតិក្អមសំណ (រូប ថតចេញពីវីដេអូរបស់ BTV)
​ភ្នំពេញ​៖ នាវា​ទាំង​៥​របស់​កម្ពុជា ដែល​ដឹក​ភ្ញៀវទេសចរ​ពី​ខេត្តសៀមរាប ទៅ​វៀតណាម ហើយ​ត្រូវ​វៀតណាម​បដិសេធ​មិន​ឲ្យ​ចត និង​មិន​ឲ្យ​ភ្ញៀវទេសចរ​ឡើងគោក បានធ្វើ​ដំណើរ​មកដល់​ច្រក​ផ្លូវទឹក​អន្តរជាតិ​ក្អម​សំណ​ហើយ និង​កំពុង​បន្តដំណើរ​ទៅ​ចូល​ចត​នៅ​កំពង់ផែ​ភ្នំពេញ​។

 
​លោក ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង កំពង់ផែ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៧ ខែមីនា​ថា ភ្ញៀវទេសចរ​៧៧​នាក់ ដែល​នៅលើ​នាវា​ទាំង​៥​គ្រឿង​នោះ ត្រូវបាន​ភាគី​វៀតណាម​ត្រួត​ពិនិត្យមើល​សុខភាព​ម្តង​រួចមកហើយ ពេលទៅដល់​វៀតណាម​។ លោក បន្តថា បន្ទាប់ពី​ត្រឡប់​មកដល់​ច្រក​ផ្លូវទឹក​អន្តរជាតិ​ក្អម​សំណ មន្ត្រី​សុខាភិបាល​កម្ពុជា ក៏បាន​ត្រួតពិនិត្យ​ម្តងទៀត​ផងដែរ តែ​មិនមាន​រោគសញ្ញា​ទាក់ទង​នឹង​កូ​វីដ​-១៩ ឡើយ​។​
 
​បើតាម​លោក ម៉ក់ ស៊ី​ដេ​ត ពេល​នាវា​ទាំង​៥​នោះ ចូល​មកដល់​កំពង់ផែ​ភ្នំពេញ កម្ពុជា​ក៏​មិនទាន់​អនុញ្ញាត​ឲ្យ​ឡើង​លើគោក​ដែរ ដោយ​រង់ចាំ​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ពួកគេ ចាក​ចេញពី​កម្ពុជា វិលត្រឡប់​ប្រទេស​របស់​ពួកគេ​វិញ​។ 
 
​លោក បាន​បញ្ជាក់ថា​៖«​អ្នកទេសចរ​ទាំង​៧៧​នាក់​នៅលើ​នាវា​ទាំងនោះ បើ​មិនមាន​រោគសញ្ញា ទាក់ទង​នឹង​កូ​វីដ​-១៩ ទេ កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​របស់ខ្លួន​វិញ​។ តែបើ​មាន​ករណី​កូ​វីដ​-១៩ កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​ចេញ​ដែរ​»​។​
 
​លោក ម៉ក់ ស៊ី​ដេ​ត បន្ថែមថា ខាង​ក្រុមហ៊ុន​ទេសចរណ៍​របស់​ភ្ញៀវទេសចរ​ទាំង​៧៧​នាក់​នោះ បានរៀបចំ​សំបុត្រ​យន្តហោះ​សម្រាប់​ពួកគេ ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ​រួចជាស្រេច​ហើយ​។ បើតាម​លោក ម៉ក់ ស៊ី​ដេ​ត ពួកគេ​អាច​នឹង​វិលត្រឡប់​ទៅ​ប្រទេស​គេ​វិញ​នៅ​ចន្លោះ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែមីនា បើ​ពួកគេ​មិនមាន​ករណី​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា  កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ ចំនួន​២៤​ករណី​ហើយ ដោយ​១​ករណី​បានជា​សះស្បើយ​៕ 

Tag:
 អ្នកទេសចរ​
 ​នាវា
© រក្សាសិទ្ធិដោយ thmeythmey.com