ជាតិ
សង្គមជាតិ
កូ​វីដ​-១៩ ធ្វើ​ឲ្យ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន ត្រូវ​លើក​ពេល
17, Mar 2020 , 7:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបើកវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបើកវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ វេទិកា​ជួបជុំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​លើក​ទី​១៩ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ត្រូវបាន​លើក​ពេល ដោយសារតែ​បារម្ភ​ពី​ការឆ្លង​វីរុស​កូ​វីដ​-១៩​។

  
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១៦ ខែមីនា​ថា  រដ្ឋា​បាល រង់ចាំ​ស្ថានភាព​អំពី​ជំងឺ​កូ​វីដ​-១៩ មាន​ភាពស្ងប់ស្ងាត់ និង​អាច​ទប់ស្កាត់បាន​សិន ទើប​ប្រកាស​ឡើងវិញ​ពី​ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល ជាមួយនឹង​វិស័យ​ឯកជន​។  
 
​បើតាម​លោក ផៃ ស៊ី​ផាន ការពន្យារពេល​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នេះ គឺ​ដើម្បី​ជៀសវាង​ការប្រមូលផ្តុំ​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​កូ​វីដ​-១៩​។ លោក រៀបរាប់​ដូច្នេះ​ថា​៖«​យើង​បញ្ចៀស​ការប្រមូលផ្តុំ​តាមតែ​យើង​អាចធ្វើ​បាន​។ យើង​អាច​ជួបជុំគ្នា​២ ទៅ​៣​នាក់ តែបើ​លក្ខណៈ​ជួបគ្នា​ជា​ទ្រង់ទ្រាយ​ធំ យើង​ខ្លា​ចវា ដោយ​ការផ្ទុះ​កូ​វីដ​-១៩ ហ្នឹង​វា​ធំ​...»​។ 
 
​នៅតាម​ក្រសួង​ខ្លះ ក៏​ប្រកាស​ពន្យារពេល​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខែមីនា និង​ខែមេសា​ផងដែរ​។ ជាក់ស្តែង​ក្រសួង​អប់រំ យុវជន និង កីឡា បានប្រកាសថា ពន្យារពេល​រៀបចំ​សន្និបាត​បូកសរុប វាយតម្លៃ​លទ្ធផល​ការងារ អប់រំ យុវជន និង​កីឡា​ឆ្នាំ​២០១៩​។ 
 
​ក្រសួង​អប់រំ ទើបនឹង​ប្រកាស​ឲ្យ​បិទ​សាលា​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស​មួយរយៈ​សិន ខណៈ​កម្ពុជា រកឃើញ​មនុស្ស​១២​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩​។ 
 
​ទន្ទឹមនឹងនេះ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​តែង​រៀបចំ​ព្រឹត្តិការ​ណ៍ស​ង្រា្ក​ន្ត មិនដែល​ខកខាន​នៅ​ឆ្នាំ​ណា​ម្តង​ឡើយ​នោះ ក៏ត្រូវ​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅតាម​ខេត្ត​រៀងៗ​ខ្លួន​ដែរ ដើម្បី​រួមគ្នា​ទប់ស្កាត់​កូ​វីដ​-១៩​។ ខេត្ត​ដែល​ប្រកាស​រួចមកហើយ មានដូចជា សៀមរាប បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និង កំពង់ធំ ជាដើម​។ ខេត្តកណ្តាល និង​ខេត្តកំពត ក៏​កំពុងតែ​ពិចារណា​នឹង​ផ្អាក​ផងដែរ​។   
 
​លើសពីនេះ កម្មវិធី​ប្រកួត​បាល់ទាត់​ចម្រុះ World Cup របស់​កម្ពុជា​ចំនួន​២ និង​វេទិកា​នានា​ក៏​កម្ពុជា​ពន្យារពេល​រៀបចំ​នៅពេល​ក្រោយ​ផងដែរ​៕  

Tag:
 ​វិស័យ​ឯកជន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com