COVID-19
អន្តរជាតិ
អាមេរិក ធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សជាលើកដំបូង រូបភាព៖ Reuters
× មន្ត្រីសុខាភិបាលអាមេរិក នាថ្ងៃទី១៦ ខែមីនា ប្រកាសថា អាមេរិក បានសាកល្បងធ្វើតេស្តវ៉ាក់សាំងការពារជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) លើមនុស្សជាលើកដំបូងនៅក្នុងទីក្រុង Seattle។ នេះ គឺជាជំហានថ្មីមួយ ដែលជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិ។
វ៉ាក់សាំងការពារកូរ៉ូណាវីរុសឈ្មោះ mRNA- 1273 ត្រូវបានវិទ្យាស្ថានសុខាភិបាលអាមេរិក (NIH) ចាក់សាកល្បងលើមនុស្សជាលើកដំបូងនាថ្ងៃទី១៦ ខែមីនា ក្នុងទីក្រុងSeattle។ ចំណែកលទ្ធផលនៃការធ្វើតេស្តលើវ៉ាក់សាំង គេមិនទាន់មានរបាយការណ៍នៅឡើងទេ។ វ៉ាក់សាំងប្រភេទនេះ ត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានសុខាភិបាលអាមេរិក និងមានការសហការពីក្រុមហ៊ុនជីវសាស្ត្រ Moderna ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Massachusetts។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP វិទ្យាស្ថានសុខាភិបាលអាមេរិក នឹងបើកឲ្យការចុះឈ្មោះរកអ្នកស្ម័គ្រចិត្តចំនួន ៤៥នាក់បន្ថែមទៀត ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ ក្នុងរយៈពេល ៦សប្តាហ៍។យ៉ាងណាក៏ដោយ វ៉ាក់សាំងនេះ នឹងមិនដាក់ឲ្យប្រើប្រាស់បានក្នុងពេលនេះបានទេ ព្រោះវិទ្យាស្ថានត្រូវការពេលសាកល្បងយ៉ាងយូរទៀត។ បើតាមការបញ្ជាក់របស់វិទ្យាស្ថាន វ៉ាក់សាំងនេះ អាចដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល ១ឆ្នាំទៀត ឬយ៉ាងយូរ ១៨ខាងមុខ។
ប្រធាននាយកដ្ឋានជំងឺឆ្លង នៃវិទ្យាស្ថានសុខាភិបាលអាមេរិក លោក Anthony Fauci បានបញ្ជាក់ថា៖ «ស្វែងរកវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបង្ការការឆ្លងនៃ COVID-19 គឺជាកិច្ចការការពារសុខភាពសាធារណៈដ៏បន្ទាន់បំផុត»។
ការសាកល្បងវ៉ាក់សាំងលើកទី១នៅក្នុងទីក្រុង Seattle នេះ គឺជារឿងសំខាន់ណាស់ ដើម្បីសិក្សាពីផលវិជ្ជមាន និងអវិជ្ជមានរបស់វ៉ាក់សាំង។ បើតាមលោក Anthony ជំហានបន្ទាប់ អ្នកស្រាវជ្រាវ នឹងអាចអភិវឌ្ឍវ៉ាក់សាំងប្រភេទនេះកាន់តែល្អប្រសើរឡើងដើម្បីប្រយុទ្ធប្រឆាំងជាមួយកូរ៉ូណាវីរុស។
សូមបញ្ជាក់ថា ការសាកល្បងវ៉ាក់សាំងនេះ មិនមែនមានតែអាមេរិកមួយទេ ប៉ុន្តែមានវិទ្យាស្ថាននៅក្នុងប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ និងចិនជាដើម ក៏កំពុងស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងការពារ COVID-19 នេះដែរ។ គិតត្រឹមរសៀលថ្ងៃទី១៧ ខែមីនា នេះ COVID-19 បានកើនឡើងដល់លើស ១៨ម៉ឺនករណីនៅទូទាំងពិភពលោក។ ក្នុងនោះអ្នកស្លាប់មានជាង ៧ពាន់នាក់ ខណៈអ្នកជាសះស្បើយមានចំនួនលើសពី ៩ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com