COVID-19
អន្តរជាតិ
៥ថ្ងៃចុងក្រោយ អ៊ីរ៉ង់រកឃើញCOVID-19 ជាង១ពាន់ករណីក្នុងមួយថ្ងៃ រូបភាព៖ AFP
× ក្នុងមួយថ្ងៃៗ អ៊ីរ៉ង់បានរកឃើញអ្នកផ្ទុកCOVID-19 លើសពី ១ពាន់ករណី ចំណែកចំនួនអ្នកស្លាប់បានកើនឡើងជាលំដាប់។ នេះបើគិតពីតួលេខរបស់អ៊ីរ៉ង់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមីនា។ ចំនួនសរុបCOVID-19 របស់អ៊ីរ៉ង់មាន ជិត១៥០០០ករណី ខណៈអ្នកស្លាប់មាន ៨៥៣នាក់ និងអ្នកជាសះស្បើយជិត ៥ពាន់នាក់។
ឈរនៅលំដាប់ទី៣ នៃប្រទេសមានករណីCOVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីចិន និងអ៊ីតាលី អ៊ីរ៉ង់បានរកឃើញអ្នកផ្ទុកCOVID-19 ជាង១ពាន់ករណីក្នុងមួយថ្ងៃៗក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ។ បើតាមសារព័ត៌មាន BNO News អ៊ីរ៉ង់ នាថ្ងៃទី១២ ខែមីនា បានរកឃើញអ្នកផ្ទុក COVID-19 ជាង ១០៧៥ករណី និងអ្នកស្លាប់ ៧៥ករណី។ នៅថ្ងៃទីបន្ទាប់ អ៊ីរ៉ង់បន្តរកឃើញ ១២៨៩ករណី និងអ្នកស្លាប់ ៨៥ករណី។
រហូតដល់ថ្ងៃទី១៦ ខែមីនា តួលេខរបស់អ៊ីរ៉ង់នៅតែបន្តលើសពី ១ពាន់ករណីដដែល ពោលគឺមានចំនួន ១០៥៣ករណី ខណៈអ្នកស្លាប់មាន ១២៩ករណី។ តួលេខ COVID-19 សរុបនៅអ៊ីរ៉ង់ មានចំនួន ១៤៩៩១ករណី អ្នកស្លាប់ ៨៥៣ករណី និងអ្នកជាសះស្បើយ ៤៩៩៦នាក់។
សូមបញ្ជាក់ថា កន្លងទៅ វិធានការទប់ស្កាត់ពីរដ្ឋាភិបាលអ៊ឺរ៉ង់ដូចជា ហាមមិនឲ្យប្រជាជនចាកចេញពីផ្ទះ បិទសាលារៀន បិទកន្លែងសាធារណៈ បិទរោងកុន និងវិធានការផ្សេងទៀត។ យ៉ាងណាមិញ អ៊ីរ៉ង់នៅតែមិនអាចទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេសបានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com