COVID-19
អន្តរជាតិ
COVID-19៖ ៣០​ករណី​ថ្មី​នៅ​ថៃ ក្នុងនោះ​១១​ករណី​ឆ្លង​នៅ​កន្លែង​ប្រដាល់​
17, Mar 2020 , 4:15 pm        
រូបភាព
រូបភាព៖ Apichit Jinakul
រូបភាព៖ Apichit Jinakul
​នា​ថ្ងៃទី​១៧ ខែមីនា ក្រសួងសុខាភិបាល​ថៃ បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៣០​ករណី​បន្ថែមទៀត​។ តួលេខ​សរុប​COVID-19 នៅ​ប្រទេស​ថៃ​បាន​កើន​ដល់ ១៧៧​ករណី​។


 
​តាម​សេចក្តីប្រកាស​របស់​រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល​សាធារណៈ លោក Sukhum Kanchanaphimai ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ចំនួន ៣០​ករណី​ទៀត​។ ក្នុងចំណោម ៣០​នាក់​នេះ មាន ៣​នាក់​ជា​ជនបរទេស​។ 
 
​ចំនួន​អ្នកជំងឺ​ទាំង ៣០​ករណីនេះ ថៃ​បាន​បែង​ចែកជា​ពីរ​ក្រុម​។ ក្រុមទី​១ មាន​អ្នកជំងឺ​ចំនួន ១៤​នាក់ គឺ​ឆ្លង​មកពី​អ្នក​ផ្ទុក​COVID-19 មុន​។ ក្នុង​ចំនួន​អ្នក​ទាំង​១៤​នោះ​មាន ១១​ករណី ឆ្លង​នៅ​កីឡដ្ឋាន​ប្រដាល់ ១​ករណី​នៅ​កន្លែង​កម្សាន្ត និង ២​ករណី​ទៀត​ឆ្លង​ពី​អ្នកជំងឺ​ដោយផ្ទាល់​។ 
 
​ចំណែក​មួយក្រុម​ចុងក្រោយ គឺជា​អ្នកជំងឺ​ថ្មី ដែលមាន​ចំនួន ១៦​នាក់​។ ក្នុងនោះ​៩​នាក់ គឺ​ឆ្លង​មកពី​បរទេស ១​នាក់​គឺជា​អ្នកបកប្រែ​ឲ្យ​បរទេស ខណៈ​៦​ករណី​ទៀត កំពុងធ្វើការ​ស៊ើបអង្កេត​។ តួលេខ​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ដល់ ១៧៧​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៣៨​ករណី​។ 
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស និង​ឆ្លង​ក្នុង​សហគមន៍​នៅក្នុង​ប្រទេស ថៃ​បានចេញ​ចំណាត់​ការលើក​ថ្ងៃ​ស​ង្ក្រា​ន​ចូលឆ្នាំថ្មី​ទៅ​ពេល​ក្រោយ និង​ហាមឃាត់​ភ្ញៀវទេសចរ​មកពី​ប្រទេស​មួយចំនួន​។ ជាពិសេស ក្រសួងសុខាភិបាល​ថៃ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​រក្សា​គម្លាត​ពីគ្នា លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com