COVID-19
អន្តរជាតិ
ឥណ្ឌា​៖ សាសនិក​ហិណ្ឌូ​មួយក្រុម​ផឹក​ទឹកនោមគោ ព្រោះ​ជឿថា​អាច​ការពារ COVID-19
17, Mar 2020 , 9:39 pm        
រូបភាព
សាសនិកសាសនាហិណ្ឌូផឹកទឹកនោមគោ, រូបភាព៖ A, Qadri
សាសនិកសាសនាហិណ្ឌូផឹកទឹកនោមគោ, រូបភាព៖ A, Qadri
​អ្នក​គោរព​សាសនា​ហិណ្ឌូ​មួយក្រុម នៅ​ប្រទេស​ឥណ្ឌា បាន​ផឹក​ទឹកនោមគោ ព្រោះ​ជឿថា​អាច​ការពារ​ខ្លួន ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​។ បន្ថែម​ពីលើ​នេះ អ្នក​ទាំងនោះ ជឿថា​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​គ្រប់​ទម្រង់​នៃ​បាក់តេរី (Bacteria)​។


 
​តាមរយៈ​ខ្សែ​វី​ឌី​អូ​មួយ ដែល​បានចេញ​ផ្សាយ​លើ​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​១៦ ខែមីនា អ្នក​គោរព​សាសនា​ហិណ្ឌូ​មួយក្រុម បាន​យក​ទឹកនោមគោ​មក​ផឹក ដើម្បី​ធ្វើជា​ថ្នាំ​សម្រាប់​ការពារ COVID-19​។ 
 
​បើតាម​ការអះអាង​រប​ស់​អ្នក​គោរព​សាសនា​ហិណ្ឌូ​ម្នាក់ កូ​រ៉ូ​ណាវី​រុស គឺជា​បាក់តេរី ហើយ​ទឹកនោមគោ គឺមាន​ប្រសិទ្ធភាព​ណាស់ ក្នុងការ​សម្លាប់​រាល់​បាក់​តេ​រី​ទាំងអស់ ដែល​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​។ បន្ថែម​ពីលើ​នេះ អ្នក​គោរព​សាសនា​ហិណ្ឌូ​ដដែល បាន​បន្តថា ការផឹក​ទឹកនោម នឹង​ការពារ​ជំងឺឆ្លង និង​លាង​សម្អាត​រាងកាយ​របស់​អ្នក​ផឹក​ទាំងអស់​។ ក្រៅពី​ទឹកនោមគោ អ្នក​គោរព​សាសនា​ហិណ្ឌូ​មួយក្រុម​នេះ មាន​ទទួល​Panchagavya ជា​មុខម្ហូប​សាសនា ដែលមាន​ផ្សំ​ពី​ទឹកនោមគោ ទឹកដោះគោ អាចម៍គោ ទឹកដោះគោ​ខាប់ និង​ទឹកឃ្មុំ​។ 
 
​បន្ទាប់ពី​ផឹក​ទឹកនោមគោ និង​បរិភោគ​ម្ហូប​សាសនា​រួច អ្នក​គោរព​សាសនា​ហិណ្ឌូ​មួយក្រុម​នេះ បាន​យក​ទឹកនោមគោ​ចាក់​លើ​រូបគំនូរ​មួយ​ផ្ទាំង ដែល​តំណាង​ឲ្យ​កូ​រ៉ូ​ណាវី​រុស ដើម្បី​សុំ​សេចក្តីសុខ និង​ការពារ​សាសនិក​ទាំង​អស់ពី COVID-19​។ 
 
​យ៉ាងណាក៏ដោយ អង្គការ​សុខាភិបាល​ពិភពលោក (WHO) បាន​បញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស គឺជា​វីរុស ប៉ុន្តែ​មិនមែនជា​បាក់តេរី​ឡើយ​។ ម្យ៉ាងទៀត WHO បាន​បញ្ជាក់ថា គ្មាន​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា ទឹកនោមគោ​អាច​សម្លាប់​កូ​រ៉ូ​ណា​វីរុស​បានឡើយ​។​
 
​ដោយឡែក វិមាន Taj Mahal ដែលជា​កន្លែង​ទេសចរណ៍​ដ៏​ល្បី  រួមទាំង​រូង ភ្នំ​Ellora និង Ajanta  ដែលជា​ទីកន្លែង​សក្ការៈ​សាសនា​ក៏ដូចជា សារមន្ទីរ និង​ប្រាសាទ​នៅ​ទូទាំង​រដ្ឋ Maharashtra ក៏ត្រូវ​បាន​បិទ​ផងដែរ​។​
 
​ឥណ្ឌា​សម្រេច​បិទ​វិមាន Taj Mahal ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បី រីឯ​តំបន់​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​ម៉ុម​បៃ​សម្រេច​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​ពាក់កណ្តាល​នៅក្នុង​វិស័យ​ណា​ដែល​មិនចាំបាច់ ដើម្បី​គ្រប់គ្រង​ការឆ្លង COVID-19​។ ម៉ុម​បៃ​ដែលជា​ទីក្រុង​ដែលមាន​មនុស្ស​រស់នៅ​យ៉ាងច្រើន​យ៉ាង​កកកុញ មាន​ប្រជាជន​ប្រមាន​១៨​លាន​នាក់ បាន​តម្រូវ​ឲ្យ​អ្នក​ដែល​ធ្វើការ​នៅ​អាកាសយានដ្ឋាន និង​មន្ទីរពេទ្យ​ធ្វើការ​ជ្រលក់​ដៃ​ក្នុង​ទឹកខ្មៅ ដើម្បី​សម្គាល់ថា​ពួកគេ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឥណ្ឌា​មាន COVID-19 ចំនួន ១២៥​ករណី អ្នកស្លាប់​ចំនួន ៣​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ១៣​ករណី​៕ 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com