COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជេ​ក ម៉ា បរិច្ចាគ​ឧបករណ៍​តេស្ត COVID-19 ៥​ម៉ឺន​គ្រឿង​ឲ្យ​ហ្វីលីពីន​តាម Pacquiao
17, Mar 2020 , 10:19 pm        
រូបភាព
​លោក​មហាសេដ្ឋី ជេ​ក ម៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba ដោយ​សហការ​ជាមួយ​ជាមួយ​កំពូល​អ្នក​ប្រដាល់ Manny Pacquiao នឹង​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​ឆ្លង COVID-19 ចំនួន ៥០០០០​ដើម ដល់​ប្រទេស​ហ្វីលីពីន​។ Pacquiao ប្រកាស​ដូច្នេះ​លើ​ផេ​ក​មូលនិធិ​របស់ខ្លួន (Manny Pacquiao Foundation) នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា​នេះ​។​


 
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Pacquiao បាន​និយាយ​ក្នុងការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា​លោក​មាន​សេចក្តីរំភើប​ណាស់​ដែល​បានប្រកាស​ពី​មូលនិធិ Jack Ma ដែល​សហការ​ជាមួយ​មូលនិធិ Pacquiao នេះ​។ កំពូល​អ្នក​ប្រដាល់​អាស៊ី ក៏បាន​អរគុណ​ដល់​មហាសេដ្ឋី​ជនជាតិ​ចិន​ខាងលើ​សម្រាប់​មូលនិធិ​សប្បុរស​នេះ​ផងដែរ​។​
 
«​ជាមួយនឹង​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​សព្វថ្ងៃ គ្នាន​ពេលវេលា និង​សកម្មភាព​ណា​ដែល​ល្អ ជាង​អ្វីដែល​យើង​អាចជួយ​គ្នា​បានឡើយ​»​។ Pacquiao បាន​សម្តែង​ការ​អរគុណ​ទៅកាន់​លោក​ម៉ា​ដូច្នេះ ស្របពេល​ហ្វីលីពីន​កំពុង​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។​
 
Pacquiao វ័យ​៤១​ឆ្នាំ និង​លោក ជេ​ក ម៉ា វ័យ​៥៥​ឆ្នាំ​ដែលមាន​ប្រាក់​រហូតដល់​ជាង​៤០​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​មិត្ត​ល្អ​នឹង​គ្នា​។ នាពេល​កន្លងមក​អ្នក​ទាំងពីរ​ថែមទាំង​ថត​វីដេអូ​រួមគ្នា ដើម្បី​ឌឺដង​ដាក់ Floyd Mayweather ដែលជា​គូសត្រូវ​ចាស់​របស់ Pacquiao នោះ​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន ABS-CBN ក្រសួងសុខាភិបាល​ហ្វីលីពីន​រហូតមកទល់​ពេលនេះ​មានតែ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 តែ​ចំនួន ២០០០ គ្រឿង​ប៉ុណ្ណោះ​។ ដោយឡែក​ឧបករណ៍​តេស្ត​ជាង ២០០០ ទៀត​កំពុង​បញ្ជូនទៅ​ប្រទេស​នេះ​ផងដែរ​។​
 
​ហ្វីលីពីន​កំពុងស្ថិត​ក្នុងស្ថានភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ ដោយសារ​ករណី​នៃ​ការឆ្លង​កូ​វីដ​១៩ ក្នុងប្រទេស​នៅតែ​បន្ត​កើនឡើង​។ គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា​នេះ ហ្វីលីពីន​មាន​អ្នក​សា្ល​ប់​ដោយសារ COVID-19 ចំនួន​១២​នាក់ អ្នក​ឆ្លង​១៤២​ករណី និង​សះស្បើយ​៥​នាក់​។ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាសថា COVID-19  ជា​ជំងឺ​រាតត្បាត​សកល បន្ទាប់ពី​បានសម្លាប់​មនុស្ស​ជា ៧០០០​នាក់ និង​ឆ្លង ១៨២៧១៦​នាក់ នៅ​ទូទាំង​ពិភពលោក​៕

Tag:
 COVID-19
  Manny Pacquiao
  Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com