COVID-19
ជាតិ
សង្គមជាតិ
រដ្ឋសភា អនុញ្ញាត​ឲ្យ​មន្ត្រី​ធ្វើការ​នៅផ្ទះ​
17, Mar 2020 , 10:39 pm        
រូបភាព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
ដោយ: ថ្មីៗ
​ពីថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ មន្ត្រី​នៅ​រដ្ឋសភា អាចបំពេញ​ការងារ​នៅតាម​ផ្ទះ​រៀងខ្លួន ដោយ​ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ ដូច តេ​ឡេ​ក្រាម (Telegram) ជាដើម ក្នុងការ​ទាក់ទង​គ្នា​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។​


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក ឡេង ប៉េងឡុង ថ្លែងថា ដ្បិត​រដ្ឋសភា ដាក់ចេញ​វិធានការ​នេះ​ក្តី តែ​មិនមែន​មន្ត្រី​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅផ្ទះ​នោះទេ​។ 
 
​លោក អធិប្បាយ​ថា មន្ត្រី​ណា ដែល​អាច​អវត្តមាន​ពី​រដ្ឋសភា​បាន ដូចជា មន្ត្រី​ផ្នែក​ស្រាវជ្រាវ ឯកសារ ជាដើម គឺ​ពួកគាត់ មិនចាំបាច់​មក​រដ្ឋសភា​ឡើយ ហើយ​អាច​ធ្វើតាម​ផ្ទះ តែ​មន្ត្រី​ណា ដែល​ចាំបាច់​ត្រូវតែមាន​វត្ត​នៅ​រដ្ឋសភា ដូចជា អ្នករៀបចំ​កម្រាលព្រំ តុ កៅអី និង អ្នករៀបចំ​ពិធីការ ជាដើម គឺ​ពួកគាត់ ត្រូវ​ទៅ​រដ្ឋសភា​។​
 
​ម្យ៉ាងទៀត រាល់​កិច្ច​ពេញអង្គ​នៃ​រដ្ឋសភា គឺ​នៅតែ​ប្រព្រឹត្ត​ទៅតាម​ធម្មតា​។ លោក ឡេង ប៉េងឡុង បន្ថែម រដ្ឋសភា ក៏មាន​ក្តីបារម្ភ​តិចតួច​ដែរ ចំពោះ​ការបន្ត​បើក​កិច្ចប្រជុំពេញអង្គ តែ​លោក យល់ថា ស្ថានការណ៍​នៃ​ការ​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា មិនទាន់​ដល់​ថ្នាក់​តម្រូវ​ឲ្យ​រដ្ឋសភា ត្រូវ​ផ្អាក​កិច្ចប្រជុំពេញអង្គ​ឡើយ​។ 
​អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍ថា​៖«​ការងារ គឺ​នៅតែមាន​ប្រសិទ្ធភាព​ធម្មតា [​ទោះជា​មន្ត្រី​ធ្វើការ​តាម​ផ្ទះ​ក៏ដោយ​]​។​
 
​មិនមែន​តែ​រដ្ឋសភា​នោះទេ ស្ថាប័នរដ្ឋ​មួយចំនួនទៀត ដូចជា ក្រសួងការបរទេស ជាដើម អនុវត្ត​វិធានការ​នេះដែរ​។ តាមរយៈ​សារ​ដែល​ចែកចាយ​តៗ​គ្នា​តាម​បណ្តាញ​សង្គម លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់លោក ធ្វើការ​នៅតាម​ផ្ទះ តាមតែ​អាចធ្វើ​ទៅបាន ហើយ​បើ​អ្នកណា មាន​ភាពចាំបាច់ ដែល​តម្រូវ​ទៅ​ក្រសួង ចាំ​ទៅ​។ 
 
​លើសពីនេះ លោក ប្រាក់ សុខុន បាន​ប្រាប់​ឲ្យ​មន្ត្រី កាត់បន្ថយ​ការជួប​ភ្ញៀវ​បរទេស តែបើ​ជំនួប​ណា​សំខាន់ ដែល​តម្រូវ​ឲ្យ​ជួប​ដោយ​ខានមិនបាន គឺ​ត្រូវមាន​គម្លាន​ឲ្យ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ហើយ​ត្រូវ​ប្រើការ​សំពះ ជំនួស​ការ​ចាប់ដៃ​។   
 
​ជាមួយគ្នានេះ ក៏មាន​ក្រសួង​ខ្លះ ពន្យារពេល​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​ដែរ​។ 
 
​ចំណែក សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស ត្រូវបាន​ក្រសួង​អប់រំ បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះអាសន្ន​សិន ចាប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​ទៅ​។ រីឯ KTV និង រោងភាពយន្ត​នៅ​ទូទាំងប្រទេស ទើបនឹង​ត្រូវ​ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​បិទ​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ​។ 
 
​សូមបញ្ជាក់ថា កម្ពុជា រកឃើញ​មនុស្ស​៣៣នាក់​ហើយ ដែលមាន​កូ​វីដ​-១៩៕ 

Tag:
 ​រដ្ឋសភា​
  ធ្វើការ​តាម​ផ្ទះ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com