COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹង​ប្រើ​ឥទ្ធិពល​បាល់ទាត់​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី COVID-19
17, Mar 2020 , 10:59 pm        
រូបភាព
​ទេព ពិទូរ្យ កីឡា​អន្តរជាតិ អន្តរជាតិ ()
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​១៦ ខែមីនា បាន​ទទូច​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់ «​អំណាច​នៃ​បាល់ទាត់​» ដើម្បី​បញ្ចេញ​សារសំខាន់ៗ​ទៅកាន់​ពលរដ្ឋ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។ ការលើកឡើង​របស់ Infantino គឺ​ស្របតាម​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។​
 
«​ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ប្រើ​កម្រិត​ថាមពល​បាល់ទាត់​ដើម្បី​បញ្ជូន និង​ផ្សព្វផ្សាយ​សារសំខាន់ៗ​ទាំងនេះ​ទៅកាន់​ប្រជាពលរដ្ឋ​។ លោក Infantino បាន​សរសេរ​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​យកទៅ​ផ្សាយ​បន្ត​។​
 
​ប្រធាន FIFA រូបនេះ​បន្តថា​៖ «​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​អាជ្ញាធរ​បាល់ទាត់​ត្រូវតែ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​ដល់​សហគមន៍​បាល់ទាត់​ទូទៅ​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក យើង​កំពុង​ចាប់ផ្តើម​គំនិត​ផ្តួច​ផ្តើមកសាង​ការយល់ដឹង​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​អនុសាសន៍​ច្បាស់លាស់ និង​ជា​ជំហានៗ​ដើម្បី​ដោះស្រាយ​ការរីក​រាលដាល​នៃ COVID-19»​។​
 
​លោក Infantino បាន​ពន្យល់​អំពី​សារសំខាន់​នៃ​ឥទ្ធិពល​កីឡាបាល់ទាត់​ដែល​អាច​ដើរតួនាទី​ចម្បង​ក្នុង​ការជួយ​សង្គម​ឲ្យ​យល់ដឹង​ពី​ការការពារ ក៏ដូចជា​ផ្សព្វផ្សាយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ប្រមុខ FIFA សញ្ជាតិ​ស្វ៊ី​ស រូបនេះ ចង់​ឲ្យ​មាន​កីឡា​មួយចំនួន ជាពិសេស​បាល់ទាត់​អាចមាន​សកម្មភាព​ប្រកួត​ខ្លះ ដើម្បី​ឆ្លៀ​ង​ផ្សព្វផ្សាយ​សារ​ណែនាំ​សំខាន់ៗ​ទៅកាន់​ពិភពលោក ដោយ​ដាក់​ការ​ជឿជាក់ថា​ភាពប្រក្រតី​នឹង​ឆាប់​ត្រឡប់មក​ដូចដើម​វិញ​។​
 
​មកទល់​ថ្ងៃទី​១៧ ខែមីនា​នេះ COVID-19 បានសម្លាប់​មនុស្ស​ជាង ៧០០០​នាក់ និង​ឆ្លង​ជាង ១៨០០០០​នាក់ នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​រកឃើញ​ដំបូង​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងខែ​ធ្នូ​។  
 
​ដោយឡែក សហព័ន្ធ​កីឡាបាល់ទាត់​អឺ​រ៉ុ​ន (UEFA) នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​១៧ មីនា​នេះ ដើម្បី​សម្រេច​ថា​ត្រូវ​ពន្យារពេល ឬ​បន្ត​ការប្រកួត Euro ឆ្នាំ ២០២០ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១២ មិថុនា ដល់​ថ្ងៃទី​១២ ខែកក្កដា​ខាងមុខ​៕

Tag:
 COVID-19
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com