ជាតិ
ក្រសួង​ធនធានទឹក ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រយ័ត្ន​ចំពោះ​ការកើនឡើង​កម្តៅ និង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់
18, Mar 2020 , 7:19 am        
រូបភាព
​ដោយ​៖ ស៊ែម ម៉ូ​នី​តា​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ចំពោះ​ការកើនឡើង​កម្តៅ និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស     បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃទី ១៨-២១ ខែមីនា​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​សេចក្តី​ជូន​ស្តីពី​ស្ថានភាព​អាកាសធាតុ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទៅ​១៧ មីនា​នេះ​។

 
​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ មីនា ធាតុអាកាស នឹង​បន្ត​ក្តៅ​នៅពេល​ថ្ងៃ ដោយសារតែ​កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្របដណ្តប់​លើ​កម្ពុជា​។ តាម​ក្រសួង​ធនធានទឹក ស្ថានភាព​នេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា ពី​២៦-២៨ អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​៣៧-៣៩ អង្សា ហើយ​អាចមាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​ផ្នែក​ខ្លះ​។ ដោយឡែក​នៅ​ថ្ងៃទី​១៨ -២១ មីនា ផ្នែក​មួយចំនួន​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្តព្រះវិហា នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ 
 
​រីឯ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨ អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧ អង្សា​។ ក្រសួង​ធនធានទឹក​បញ្ជាក់​ដូច្នេះ រួម​បន្ត​ឲ្យ​ដឹងថា បណ្តា​ខេត្ត​មាត់សមុទ្រ នឹង​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨ អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧ អង្សា​។​
 
​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ថែរក្សា​សុខភាព ចំពោះ​ការកើនឡើង​កម្តៅ និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃទី ១៨-២១ ខែមីនា​៕

Tag:
 ក្តៅ​
 ​រន្ទះ​
 ​ខ្យល់​កន្ត្រាក់​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com