COVID-19៖ សម្តេច ហ៊ុន សែន ផ្អាក​ការជួបជុំ​ជាមួយ​គ្រួសារ​កីឡា នៅ​ឆ្នាំនេះ​
COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ សម្តេច ហ៊ុន សែន ផ្អាក​ការជួបជុំ​ជាមួយ​គ្រួសារ​កីឡា នៅ​ឆ្នាំនេះ​
18, Mar 2020 , 7:59 am        
រូបភាព
សកម្មភាពសម្តេច ហ៊ុន សែន ជួបជុំជាមួយគ្រួសារកីឡាកាលពីឆ្នាំ២០១៩
សកម្មភាពសម្តេច ហ៊ុន សែន ជួបជុំជាមួយគ្រួសារកីឡាកាលពីឆ្នាំ២០១៩
​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា COVID-19 រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​កម្មវិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​រវាង​សម្តេច ហ៊ុន សែន ជាមួយ​មហា​គ្រួសារ​កីឡា​នៅ​ឆ្នាំនេះ​។ បច្ចុប្បន្ន​កម្ពុជា​រកឃើញ​អ្នក​ឆ្លង COVID-19 ជាង​២០​ករណី​ហើយ​។

 
​ស្របពេល​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ កំពុង​ប្រយុទ្ធប្រឆាំង​ការរីក​រាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្អាក​ការរៀបចំ​កម្មវិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្រួសារ​កីឡា​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​បន្ថែមថា ការកាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ក៏​ជា​ហេតុផល​នៃ​ការផ្អាក​កម្មវិធី​នេះ​ផងដែរ​។​
 
​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក វ៉ា​ត់ ចំរើន បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​មិនអាច​បកស្រាយ​បានទេ​ពាក់ព័ន្ធ​រឿង​នឹង​(​បារម្ភ COVID-19)​គ្រាន់តែ​សម្តេច​គាត់​ផ្តល់​ជា​គតិ​ថា យើង​គួរ​ផ្អាក​(​ការជួបជុំ​)​ឆ្នាំ​នឹង​សិន ដោយសារ​ស្ថានភាព​បច្ចុប្បន្ន និង​កាត់បន្ថយ​ការចំណាយ​។ និយាយ​រួម​ទៅ​វា​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ទាំងពីរ​នឹង ទាំង​ការ​សាយភាយ​នៃ COVID-19 និង​កាត់បន្ថយ​ការចំណាយ​ថវិកា និង​ការជួបជុំ​»​។​
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ការសម្រេច​ផ្អាក​របស់​សម្តេច ហ៊ុន សែន គឺ​ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នៅ​កម្ពុជា​។  វា​ក៏​ជា​វិធានការ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​កុំ​ឲ្យ​មានការ​ជួបជុំ​មនុស្ស​លើសពី​១០០​នាក់​ផងដែរ​។ 


 
​បច្ចុប្បន្ន​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 សរុប​ចំនួន​២៤​ករណី ខណៈ​១២​ករណី​ត្រូវបាន​ក្រសួងសុខាភិបាល​ទើប​ប្រកាស​រកឃើញ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ នេះ​។ ករណី​ថ្មី​ទាំង​១២​រកឃើញ​លើ​បុរស​ខ្មែរ​អ៊ិ​ស្លាម​ចំនួន​១១​នាក់ ដែល​ទើប​ត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​១​ករណី​កើត​លើ​ជនជាតិខ្មែរ​ដែល​ទើប​មកពី​ប្រទេស​ថៃ​។​
 
​តាម​គម្រោង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ​កីឡាការិនី និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា​ជាង​៤​ពាន់​នាក់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០២០ នា​សាល​មហោស្រព​និង​ពិព័រណ៍​កោះ​ពេជ្រ​។ កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា និង​បាន​សាង​ស្នាដៃ​ជូន​ជាតិ​លើ​ឆាក​អន្តរជាតិ​កន្លងមក​៕ 



Tag:
 ​សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com