COVID-19
អន្តរជាតិ
នូវែលសេឡង់បញ្ចេញលុយ៧,៣ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ COVID-19 លើសេដ្ឋកិច្ច រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson
×
ដោយ៖ គយ រតនបុរិន្ទ
រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃអង្គារ ១៧ ខែមីនា បានប្រកាសកញ្ចប់ថវិកា៧,៣ពាន់លានដុល្លារ ក្នុងគោលដៅផ្តល់សន្ទុះដល់សេដ្ឋកិច្ចប្រទេសនេះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺ COVID-19។
ថ្លែងនៅមុខសភានូវែលសេឡង់ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson ទទួលស្គាល់ពីលទ្ធភាពនៃការដាំក្បាលចុះនៃសេដ្ឋកិច្ចប្រទេស។ ទោះជាបែបនេះក្តី លោក សង្កត់ធ្ងន់ថា កញ្ចប់ថវិកាដែលមានទំហំ៧,៣ពាន់លានដុល្លារនេះ អាចជួយកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយ COVID-19។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីរូបនេះ គូសបញ្ជាក់ថា កញ្ចប់ថវិកាខាងលើរួមបញ្ចូល ការឧបត្ថម្ភប្រាក់បៀវត្ស អនុគ្រោះពន្ធ និងជំនួយវិស័យថែទាំសុខភាព។ បើតាមលោក Grant Robertson កញ្ចប់ថវិកានេះ គឺជាជំហានដំបូងរបស់រដ្ឋាភិបាលដើម្បីទប់ទល់ផលវិបាកផ្នែកសេដ្ឋកិច្ច ខណៈកញ្ចប់ថវិកាដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតនឹងត្រូវប្រកាសក្នុងខែឧសភា ក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំ។
ថវិកាប្រមាណ ៣ពាន់លានដុល្លារនឹងត្រូវបែងចែកសម្រាប់ការឧបត្ថម្ភប្រាក់បៀវត្ស ចំណែកឯទឹកប្រាក់ ១,៧ពាន់លានដុល្លារទៀតត្រូវបែងចែកសម្រាប់ចំណាយក្នុងសុខុមាលភាពប្រជាជន។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Robertson អះអាងបែបនេះ ដោយបន្ថែមថា ថវិកា ១,៧ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយលើការអនុគ្រោះពន្ធរបស់ក្រុមហ៊ុនសហគ្រាស រីឯវិស័យអាកាសចរណ៍នឹងទទួលបានការឧបត្ថម្ភទុនបន្ថែមចំនួន៦០០លានដុល្លារ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារទី ១៧ មីនា នេះ ករណី COVID-19នៅនូវែលសេឡង់មានចំនួន ១២ករណីហើយ ដោយពុំទាន់ករណីស្លាប់ឡើយ ដោយឡែកមនុស្សប្រមាណ ៩០០០នាក់ត្រូវបានដាក់ឲ្យនៅដាច់តែឯង៕
Tag:
នូវែលសេឡង់
COVID-19
សេដ្ឋកិច្ច
Grant Robertson
© រក្សាសិទ្ធិដោយ thmeythmey.com