ជាតិ
សង្គមជាតិ
កំពង់ធំ ,​ត្បូងឃ្មុំ និង​កំពត ក៏​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដែរ
18, Mar 2020 , 9:19 am        
រូបភាព
ទិដ្ឋភាព​នៅ​សង្រ្កាន្តថ្មីសំបូរព្រៃគុក កាលពី​ឆ្នាំ​២០១៨ កន្លងទៅ
ទិដ្ឋភាព​នៅ​សង្រ្កាន្តថ្មីសំបូរព្រៃគុក កាលពី​ឆ្នាំ​២០១៨ កន្លងទៅ
ដោយ:
​ភ្នំពេញ​៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ និង​កំពត បានសម្រេច​ផ្អាក​រៀបចំ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ បណ្តា​ខេត្ត​ផ្សេង នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ ដោយ​រង់ចាំ​ស្ថានភាព​សិន​។ កន្លងមក ខេត្តសៀមរាប បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ក៏បាន​ប្រកាស​ផ្អាក​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត​តាម​ខេត្ត​រៀងៗ​ខ្លួន​ដែរ​។​

 
​ដើមឡើយ មានតែ​ខេត្តសៀមរាប​ទេ ដែល​ប្រកាស​ផ្អាក​រៀបចំ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត តែ​មកដល់​ត្រឹម​ថ្ងៃទី​១៧ ខែមីនា មាន​ខេត្ត​ចំនួន​៦​ផ្សេងទៀត បានសម្រេច​ផ្អាក​រៀបចំ​កម្មវិធី​បុណ្យជាតិ​បែប​ប្រពៃណី​ខ្មែរ ដោយ​ជួបជុំ​ជា​លក្ខណៈ​សាធារណៈ​។ មូលហេតុ​ដែល​បណ្តា​ខេត្ត​មួយចំនួន​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​ច្រើនឡើង​បន្ថែមទៀត បើទោះបី​កម្ពុជា មិនទាន់​ឆ្លង​ដល់​សហគមន៍​ណាមួយ ក៏ដោយ​នោះ​។ 
 
​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​កំពង់ធំ ឆ្នាំ​២០២០​វិញ ត្រូវ​ផ្អាក​ទាំងស្រុង ដោយ​ត្រូវ​រៀបចំ​វិញ​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រៅពីនេះ កម្មវិធី​ធំៗ​ដែល​ខេត្ត​គ្រោង​រៀបចំ​នៅ មានដូចជា​ពិធី​អភិសេក​រូប​សំ   ណាក​អាចារ្យ​លាក់ អភិសេក​រូបសំណាក​លោក​តា​ក្រហម​ក ត្រូវបាន​ពន្យារពេល​ផងដែរ​។ 
 
​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ កាលពី​ថ្ងៃទី​១៦ ខែមីនា ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប្រចាំខេត្ត​ដែរ​។ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​អះអាងថា ការផ្អាក​នេះ ជា​ផ្នែក​មួយ​នៃ​ការ​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក​។​
 
​ដោយឡែក ការផ្អាក​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​កំពត​ឆ្នាំ ក៏​ធ្វើឡើង​ក្រោមរូបភាព​ដូចគ្នា ដែរ ពោលគឺ ដើម្បី​ជៀសវាង​ការប្រមូលផ្តុំ​មនុស្ស​ដែល​អាច​នឹង​ងាយ​ឆ្លង​កូ​វីដ​-១៩​។ លោក វិត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​ខេត្តកំពត បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​គ្រាន់តែ​ឲ្យ​បណ្តា​ឃុំ​ស្រុក វត្ត​អារាម និង​តាម​ផ្ទះ​រៀបចំ ចាត់ចែង​តាមបែប​ប្រពៃណី​ធម្មតា តែ​យើង​អត់​ប្រមូលផ្តុំ​ជា​សង្ក្រាន្ត​តាម​ស្រុក ខេត្ត​ទេ​»​។  
 
​គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែមីនា កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​៣៥​ករណី​ហើយ ក្នុងនោះ​មួយ​ករណី បានជា​សះស្បើយ​៕ 

Tag:
 សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com