COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​ប៉ូឡូញ​វ័យ​២៩​ឆ្នាំ លោក Michal Wos ឆ្លង COVID-19
17, Mar 2020 , 6:25 pm        
រូបភាព
រដ្ឋមន្ត្រីបរិស្ថានប៉ូឡាញ លោក Michal Wos អាយុ ២៩ឆ្នាំ
រដ្ឋមន្ត្រីបរិស្ថានប៉ូឡាញ លោក Michal Wos អាយុ ២៩ឆ្នាំ
ដោយ:
​រដ្ឋមន្ត្រី​បរិស្ថាន​ប៉ូ​ឡាញ លោក Michal Wos បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ១៦ ខែមីនា​ថា លោក​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19​។ ក្រោយ​ការប្រកាស​បែបនេះ បណ្ដា​រដ្ឋមន្ត្រី​ប៉ូឡូញ​ដែល​បាន​មាន​វត្ត​មាននៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្មីៗ​នេះ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ។

 
​ប្រាប់​វិទ្យុ​រដ្ឋ​មួយ នៅ​ថ្ងៃ​អង្គារ ទី ១៧ មីនា លោក Michal Dworczyk នាយក​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​ប៉ូឡូញ អះអាង រដ្ឋមន្ត្រី​៩​នាក់​ក្នុងចំណោម ២៤​នាក់ បាន​អវត្តមាន​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្មីៗ​នេះ​។ ក្នុងចំណោម​អ្នក​អវត្តមាន​ទាំង​៩​នោះ​គឺមាន លោកនាយក​រដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki និង​រដ្ឋមន្ត្រី​សុខាភិបាល Lukasz Szumowski ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
«​លទ្ធផល​តេស្ត​គួរតែ​ចេញ​នៅថ្ងៃនេះ​ហើយ​។ រដ្ឋមន្ត្រី​ទាំងអស់ កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​»​។ លោក Dworczyk អះអាង​បែបនេះ​។ យោងតាម​វេ​ប​សាយ​របស់​រដ្ឋាភិបាល​ប៉ូឡូញ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចុងក្រោយបង្អស់ បានរៀបចំ​ឡើង កាលពី​ថ្ងៃ​១០ ខែមីនា​កន្លងទៅ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ប្រជាជាតិ​អឺរ៉ុប​ដែលមាន​ប្រជាជន ៣៨​លាន​នាក់​នេះ បាន​រកឃើញ​ករណី​ឆ្លង ១៥៦​ករណី​ហើយ ដែល​ក្នុងនោះ ៤​នាក់​ស្លាប់​។ ទាក់ទិន​បញ្ហា​នេះ រដ្ឋាភិបាល​ប៉ូឡូញ បាន​បិទ​ច្រកព្រំដែន​សម្រាប់​អ្នកដំណើរ​បរទេស ហើយក៏​បាន​បិទ​សាលារៀន​ផងដែរ​៕

Tag:
 ប៉ូឡូញ​
  Michal Wos
  រដ្ឋមន្ត្រី​បរិស្ថាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com