ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​បារម្ភ​! អ្នក​អាច​បំបាត់​ក្លិន​ខ្លួន​ជាមួយ​អាហារ​ទាំងនេះ​
19, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស​ហួសប្រមាណ និង​ក្លិន​ខ្លួន​មិនល្អ មិន​ត្រឹមតែ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ការរំខាន​ជាខ្លាំង​ផងដែរ​។ រួមផ្សំ​នឹង​កត្តា DNA និង​អាយុ ហើយ​នោះ​អ្វីដែល​អ្នកទទួល​ទាន​ក៏​ជា​កត្តា​ជះឥទ្ធិពល​លើ​ក្លិន​ខ្លួន​ធម្មជាតិ​ផងដែរ​។ ទោះជា​យ៉ាងណា ក៏​នៅមាន​អាហារ​មួយចំនួនទៀត​ដែល​ជួយ​ទប់ស្កាត់ ព្រមទាំង​ដោះស្រាយ​បញ្ហា​ក្លិន​ខ្លួន និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។


​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​កាត់បន្ថយ​បញ្ហា​ក្លិន​ខ្លួន​មិនល្អ ៖
 
១. ជី​វ៉ាន់ស៊ុយ​
 
​ក្រៅពី​ជួយ​បង្កើន​រសជាតិ​និង​ក្លិន​នៃ​អាហារ ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ក្លរ៉ូភីល​និង​ក្លិនក្រអូប​ស្រស់ស្រាយ​ដែល​ធ្វើឱ្យ​វា​ជា​ឱសថ​បែប​ធម្មជាតិ​ជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន​បាន​យ៉ាង​ប្រសើរ​។ ជី​វ៉ាន់ស៊ុយ​សម្អាត​រាង​កាយ និង​កម្ចាត់​រាល់​បាក់តេរី​ដែល​បណ្ដាលឱ្យមាន​ក្លិន​ខ្លួន​មិនល្អ​។ ជី​វ៉ាន់ស៊ុយ​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ អ្នក​អាច​បន្ថែម​ជី​វ៉ាន់ស៊ុយ​ក្នុង​អាហារ ឬ​ឆុង​ដើម ឬ​ស្លឹក​ជី​វ៉ាន់ស៊ុយ​ស្ងួត​ជា​តែ​ដើម្បី​ទទួលទាន​ក៏បាន​។​
 
២. ក្រូចឆ្មារ​និង​ផ្លែក្រូច​ដទៃទៀត​
 
​ក្រូច​មាន​ក្លិន​ឈ្ងុយ​ស្រស់ស្អាត ហើយ​ងាយ​នឹង​ស្រូប​យកបាន​ដោយ​រាងកាយ​។ លើសពីនេះទៅទៀត​ក្រូច​និង​ក្រូចឆ្មារ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ដែល​បង្កបញ្ហា​ក្លិន​ខ្លួន​មិនល្អ​ចេញពី​ប្រព័ន្ធ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជៀសផុត​បញ្ហា​ក្លិន​ខ្លួន​មិនល្អ ចូរ​ព្យាយាម​ទទួលទាន​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់​ជាប្រចាំ​។ រីឯ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​មួយ​កែវ​នៅពេល​ព្រឹក ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​បាន​យ៉ាង​ឆាប់រហ័ស​។ ជម្រើស​ផ្សេងទៀត​ដើម្បី​បំបាត់​ក្លិន​មិនល្អ គឺ​ច្របាច់​ក្រូចឆ្មារ​ម្ខាង រួច​យក​ទឹកក្រូច​ឆ្មារ​នេះ​ទៅ​ដុស​លាប​ក្រោម​បាតជើង ឬ​ត្រង់​ក្លៀក ទុកឱ្យ​ស្ងួត រួច​ងូតទឹក​ជាការ​ស្រេច​។​
 
៣. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​សរីរាង្គ និង​សារធាតុ tannin ជួយ​ប្រយុទ្ធប្រឆាំង​ការ​បែកញើស​ហួសប្រមាណ និង​រារាំង​ការលូតលាស់​នៃ​បាក់តេរី​។ តែ​បៃតង​មាន​ប្រយោជន៍​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ក្លិន​ជើង រាងកាយ និង​សូម្បីតែ​ខ្យល់​ដង្ហើម​។ ទទួលទាន​តែ​បៃតង​ជាប្រចាំ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៤. ទឹក​
 
​ការ​ទទួលទាន​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ក៏​ជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​ផងដែរ​។ ការទទួល​ទាន​ទឹក​ជួយ​រាងកាយ​បញ្ចេញ​ចោល​នូវ​ជាតិពុល​ផ្សេងៗ​ដែល​បង្ក​ក្លិន​ខ្លួន​មិនល្អ​។​
 
៥. យ៉ា​អួរ​

​ក្លិន​ខ្លួន​មិនល្អ​ពេលខ្លះ​ជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ពោះវៀន​ខ្សោយ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​អាចជួយ​បង្កើន​កម្រិត​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​និង​សម្រួល​ការរំលាយ​អាហារ​ដែល​ធ្វើឱ្យ​សុខភាព​ពោះវៀន​មាន​លក្ខណៈ​ប្រសើរ​ឡើងវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com