COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Matuidi ជា​កីឡារ​ទី​ពីរ​របស់ Juventus ដែល​ឆ្លង COVID-19
18, Mar 2020 , 11:59 am        
រូបភាព
​ក្លិប Juventus បាន​បញ្ជាក់ថា ខ្សែបម្រើ Blaise Matuidi បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។ សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ ជា​កីឡា​ករទី​ពីរ​របស់​ក្រុម​សេះបង្កង់​ដែល​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​។​


 
​បន្ទាប់ពី​ខ្សែការពារ Daniele Rugani ខ្សែបម្រើ Matuidi ត្រូវបាន​បញ្ជាក់ថា​ជា​ករណី​ទី​ពីរ​របស់ Juventus​។ ដូច Rugani ដែរ Matuidi ត្រូវបាន​ធ្វើតេស្ត​រកឃើញ COVID-19 បើទោះជា​រូបគេ​មិនមាន​រោគសញ្ញា​អ្វី​គួរកត់សំគាល់​ក៏ដោយ​។​
 
​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​៣២​ឆ្នាំ​រូបនេះ កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​និង​ទទួល​ការត្រួតពិនិត្យ​សុខភាព​ជាប្រចាំ​។ ដោយសារ​មាន​សមាជិក​ក្រុម​ដល់​ទៅ​ពីររូប​ឆ្លង​ជំងឺ​នេះ ក្រុម​សេះបង្កង់​នៃ​លី​គ​បាល់ទាត់​កំពូល​អ៊ីតាលី​កំពុង​បារម្ភ​ថា អាច​នឹងមាន​កីឡាករ​ខ្លួន​ផ្សេងទៀត​ឆ្លង​ផងដែរ​។​
 
«Blaise Matuidi បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ដែល​បង្ហាញថា វិជ្ជមាន​នៃ​ជំងឺ COVID-19​។ ក្លិប Juventus ប្រកាស​ដូច្នេះ​លើ​វេ​ប​សាយ​ផ្ទាល់​របស់ខ្លួន​។ ម្ចាស់​ការពារ​ជើង​ឯ Serie A បន្ថែមថា Matuidi បាន​យល់ព្រម​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​របស់​គេ​តាំងពី​ថ្ងៃទី​១១ ខែមីនា​ម្លេះ​។​
 
​ដោយសារ​ការ​រាលដាល​នៃ COVID-19 បានធ្វើ​ឲ្យ​លី​គ​កីឡាបាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​ត្រូវ​ផ្អាក​រហូតដល់​ខែមេសា ប៉ុន្តែ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី (FIGC) លោក Gabriele Gravina លើកឡើងថា​អ៊ីតាលី​មិនទាន់​ប្រាកដ​ពី​ការវិលត្រឡប់​ចូលធ្វើការ​ប្រកួត​នៅ​ខែក្រោយ ឬ​យ៉ាងណា​នោះទេ​។​
 
​ដោយឡែក​ពានរង្វាន់ Euro ឆ្នាំ ២០២០ ក៏ត្រូវ​ពន្យារពេល​ការប្រកួត​រហូតដល់​ខែមិថុនា ឆ្នាំ ២០២១ ដោយ​ស្របតាម​ការសម្រេច​រប​ស់ UEFA​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា​នេះ COVID-19 បានសម្លាប់​មនុស្ស​ជិត​៨​ពាន់​នាក់ ឆ្លង​ជិត​២​សែន​នាក់ និង​សះស្បើយ​៨១២៧១​នាក់ នៅ​ទូទាំង​ពិភពលោក​។ ក្រៅពី​ចិន​ដែលជា​ចំនុច​ផ្តើម​នៃ​មេរោគ​នេះ អ៊ីតាលី​មាន​ឆ្លង​ច្រើនជាងគេ និង​លើសគេ​សម្រាប់​ប្រទេស​នៅ​អឺរ៉ុប​៕

Tag:
 COVID-19
  Blaise Matuidi
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com