COVID-19
អន្តរជាតិ
លោក​ស៊ី ជិ​ង​ភីង​៖ ចិន នឹង​ជួយ​អេ​ស្ប៉ា​ញ​ប្រយុទ្ធប្រឆាំង COVID-19
18, Mar 2020 , 7:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង (ខាងឆ្វេង) បានជួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញPedro Sanchez  នាទីក្រុងម៉ាឌ្រីដ ក្នុងឆ្នាំ២០១៨។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង (ខាងឆ្វេង) បានជួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញPedro Sanchez នាទីក្រុងម៉ាឌ្រីដ ក្នុងឆ្នាំ២០១៨។ រូបភាព៖ Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នា​ថ្ងៃទី​១៨ ខែមីនា បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ថា ចិន នឹង​ជួយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​តាម​លទ្ធភាព និង​គាំទ្រ​អេ​ស្ប៉ា​ញ​យ៉ាង​ពេញទំហឹង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ 


 
​ក្នុង​កិច្ចសន្ទនា​តាមរយៈ​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez លោក​ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ក្នុង​នាទី​ដំបូង បាន​សម្តែង​ក្តី​អាណិតអាសូរ​ចំពោះ​ប្រជាជន​អេ​ស្ប៉ា​ញ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ COVID-19 ក្នុងនាម​តំណាង​ឲ្យ​ចិន និង​ប្រជាជន​ទាំងមូល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​ស៊ី បាន​លើកឡើងថា ចិន គាំទ្រ​អេ​ស្ប៉ា​ញ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​កន្លងមក ដែល​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ការ COVID-19 នៅក្នុង​ប្រទេស​។ បើតាម​លោក​ស៊ី រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ផ្តល់ជំនួយ​ដល់​អេ​ស្ប៉ា​ញ​តាម​តម្រូវការ និង​ចែករំលែក​បទពិសោធ​ក្នុងការ​ទប់ស្កាត់ COVID-19​។ 
 
«​ក្រោយ​ភ្លៀង មេឃ​នឹង​ស្រឡះ​»​។ ប្រធានាធិបតី​ចិន​បាន​និយាយ​បែបនេះ ប្រាប់​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​។ ក្នុងន័យនេះ ប្រមុខរដ្ឋ​ចិន ចង់​សំដៅថា បន្ទាប់ពី​COVID-19​បញ្ជាប់ ទំនាក់ទំនង​ចិន និង​អេ​ស្ប៉ា​ញ នឹង​កាន់តែ​រឹងមាំ​ថែមទៀត​។ ការណ៍​នេះ កើតចេញពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អេ​ស្ប៉ា​ញ ដែល​រួមគ្នា​ប្រយុទ្ធប្រឆាំង COVID-19​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ប្រធានាធិបតី​ចិន លោក Sanchez បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ដ នឹង​ការពារ​ប្រជាជន​ចិន ដែល​រស់នៅ​អេ​ស្ប៉ា​ញ​ឲ្យ​អស់ពី​លទ្ធភាព ពី​COVID-19​។ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ក៏​ជឿ​ដែរ​ថា ទំនាក់ទំនង​រវាង​ចិន និង​អេ​ស្ប៉ា​ញ នឹង​កាន់តែ​រឹងមាំ​ថែមទៀត បន្ទាប់ពី​កិច្ចការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​មួយ​នេះ​។ 
 
​កាលពី​ថ្ងៃ​១៧ ខែមីនា មូលនិធិ​Jack Ma និង Alibaba បាន​បរិច្ចាគ​ម៉ាស់​ចំនួន ៥០​ម៉ឺន​សន្លឹក​ទៅ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​។ បន្ថែម​ពីលើ​នេះ សមាគមន៍​ចិន Zaragoza នៅ​អេ​ស្ប៉ា​ញ ក៏បាន​បរិច្ចាគ​ម៉ាស់​ចំនួន ១៥១២៣​សន្លឹក ស្រោមដៃ​ជាង ៥​ពាន់​គូ ទឹក​អា​គុល ១២៥៤​ដប និង​ទឹក​លាងដៃ​ទៅ​ឲ្យ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ថ្នាក់​តំបន់​ដែរ​។ 
 
​សូមបញ្ជាក់ថា អេ​ស្ប៉ា​ញ ក៏​ជា​ប្រទេសមួយ​នៅក្នុង​តំបន់​អឺរ៉ុប រងគ្រោះ​ដោយសារ COVID-19​ដែរ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា អេ​ស្ប៉ា​ញ​មាន​COVID-19 លើសពី ១​ម៉ឺន​ករណី អ្នកស្លាប់ ៥៣៣​ករណី និង​អ្នកជា​សះស្បើយ ១០២៨​ករណី​៕ 

Tag:
 ចិន​
  អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com