លោក ត្រាំ នឹង​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​
អន្តរជាតិ
លោក ត្រាំ នឹង​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​
18, Mar 2020 , 1:57 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
​លោក ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​បេក្ខភាព​តំណាង​បក្ស​សាធារណរដ្ឋ​ដើម្បី​ការពា​តំណែង​ប្រធានាធិបតី​របស់លោក​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ បន្ទាប់ពី​លោក​ទទួលបាន​ជ័យជម្នះ​ស្រួលៗ​ក្នុងការ​បោះឆ្នោត​ជម្រុះ​ផ្ទៃក្នុង​បក្ស​។ គូប្រជែង​របស់លោក មកពី​បក្ស​ប្រជាធិបតេយ្យ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ ប៉ុន្តែ​អតីត​អនុ​ប្រធានាធិបតី ចូ បៃ​ឌិន កំពុងមាន​សំឡេង​នាំមុខ ដោយ​ប្រមូល​ប្រតិភូ​បាន​កាន់តែច្រើន​ដើម្បី​ក្លាយជា​បេក្ខជន​តំណាង​បក្ស​។​

 
​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជម្រុះ​របស់​បក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ Florida និង Illinois បានធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ មានឱកាស​ឈរឈ្មោះ​ការពារ​តំណែង​ប្រធានាធិបតី​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ជ័យជម្នះ ធ្វើ​ឲ្យ​ចំនួន​ប្រតិភូ​ដែល​លោក ត្រាំ ប្រមូលបាន​មាន​ចំនួន​១៣៣០​នាក់ គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា​។ តួលេខ​នេះ មាន​លើសពី​តម្រូវ​ដែល​កំណត់​ត្រឹម​១២៧៦​នាក់​ប៉ុណ្ណោះ​។  
 
​ជាមួយនឹង​លទ្ធផល​នេះ លោក ត្រាំ ក្លាយជា​បេក្ខភាព​តំណាង​បក្ស​សាធារណរដ្ឋ​ដោយ​ស្វ​យ​ប្រវត្តិ​តែម្ដង និង​រង់ចាំតែ​ការប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និបាត​បក្ស​ដែល​គ្រោង​ធ្វើ​នៅពេល​ខាងមុខ​។ តាមពិតទៅ ក្នុងការ​បោះឆ្នោត​ជម្រុះ​ក្នុង​បក្ស​កន្លងមក លោក ត្រាំ មិនសូវ​ប្រឹងប្រែង​អ្វី​ឡើយ ព្រោះ​គ្មាន​បេក្ខជន​ខ្លាំងក្លា​មក​ប្រជែង​នឹង​លោក​ឡើយ​។ បេ​ក្ខ​ន​ឈរ​លេខ​រៀង​ទី​ពីរ​បន្ទាប់​លោក ត្រាំ គឺ​លោក Bill Weld ទទួលបាន​ប្រតិភូ​តែ​ម្នាក់​ប៉ុណ្ណោះ​។​
 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​បក្ស​សាធារណរដ្ឋ Ronna McDaniel បាន​សាទរ​លោក ត្រាំ ។ អ្នកស្រី McDaniel បាន​សរសេរ​លើ Twitter ថា​៖ «​សាទរ​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ការ​ក្លាយជា​បេក្ខជន​តំណាង​បក្ស​ដែល​សន្ម​ត់​ទុក​មុន​សម្រាប់​តំណែង​ប្រធានាធិបតី​។​» ជ័យជម្នះ​របស់លោក ត្រាំ ត្រូវបាន​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​បក្ស​សាធារណរដ្ឋ​ចាត់ទុក ជាការ​រួបរួម​របស់​បក្ស និង​ការត្រៀមខ្លួន​ដឹកនាំ​ប្រទេស​បួន​ឆ្នាំ​ទៀត​។​
 
​ខាង​បក្ស​សាធារណរដ្ឋ​ដឹង​ហើយ នៅឡើយ​តែ​បក្ស​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ ការបោះឆ្នោត​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ កំពុង​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ​បំផុត​រវាង​អតីត​អនុ​ប្រធានាធិបតី ចូ បៃ​ឌិន និង​សមាជិក​ព្រឹទ្ធសភា ប៊េ​ន​នី សេន​ដឺ ។ ប៉ុន្តែ​លោក បៃ​ឌិន ហាក់​មាន​សំឡេង​នាំមុខ​លោក សេន​ដឺ ជាមួយ​ជ័យជម្នះ​ចុងក្រោយ​ក្នុង​រដ្ឋ Florida និង Illinios ។ អតីត​អនុ​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា រូបនេះ មានសង្ឃឹម​ខ្ពស់ជាង​ដើម្បី​ឈានទៅ​តទល់​នឹង​លោក ត្រាំ ។​
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា លោក បៃ​ឌិន ទទួលបាន​ប្រតិភូ​ចំនួន​១១២១​នាក់ ទល់នឹង​លោក សេន​ដឺ ចំនួន​៨២៩​នាក់​។ ចំនួន​ប្រតិភូ​សរុប​ដើម្បី​ក្លាយជា​បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ គឺ​១៩៩១​នាក់​។ យ៉ាងណាមិញ នៅសល់​រដ្ឋ​ជាច្រើន​ទៀត ដែល​មិនទាន់​រៀបចំ​ការបោះឆ្នោត​ជម្រុះ ដែល​នេះ​អាចជា​ឱកាស​សម្រាប់​លោក បៃ​ឌិន បង្កើន​ការនាំ​មុខ ឬក៏​សម្រាប់​លោក សេន​ដឺ បន្ត​ដេញតាម​លោក បៃ​ឌិន ដែល​ទៅមុខ​កាន់តែ​ឆ្ងាយ​៕   

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com