COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ លោក តែម ម៉ឺន កំពុងពិចារណាក្នុងការបិទសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍
× ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន កំពុងពិចារណាក្នុងការផ្អាក ឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ ក្រោយកម្ពុជារកឃើញករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ជាបន្តបន្ទាប់។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា នេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៣៥ករណីហើយ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងជួបប្រជុំជាមួយតំណាងសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍នីមួយៗនិងអ្នកពាក់ព័ន្ធផ្សេងៗដើម្បីពិភាក្សាគ្នាមុនសម្រេច ថាតើគួរផ្អាកឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍។ ការជួបប្រជុំនេះ គឺដើម្បីពិនិត្យពីផលប៉ះពាល់ផ្សេងៗរបស់ស្ថានីយទូរទស្សន៍នីមួយៗ ក្នុងករណីមានការផ្អាកសង្វៀនប្រដាល់។
ប្រធានសហព័ន្ធរូបនេះបានបន្ថែមថា ការធ្វើបែបនេះដោយសារ លោក បារម្ភខ្លាចសង្វៀនប្រដាល់ក្លាយជាកន្លែងចំលងជំងឺរលាកផ្លូវដង្ហើបបង្កឡើងដោយ COVID-19 ដែលកំពុងរីករាលដាលតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។ ការបិទសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ វាជាការរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19 តែវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពកីឡាករតាមក្លិប ដែលពឹងផ្អែកលើការឡើងសង្វៀន។ នេះជាបញ្ហាដែលលោក តែម ម៉ឺន កំពុងគិតពិចារណា។
ការពិចារណាផ្អាក ឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់នៅតាមស្ថានីយទូរទស្សន៍នេះ ធ្វើឡើងក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ជាបន្តបន្ទាប់លើជនបរទេស និងជនជាតិខ្មែរ។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញមានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ COVID-19 សរុបចំនួន៣៥ករណី។ ប៉ុន្តែក្នុងចំណោមករណីទាំងអស់សុទ្ធសឹងជាករណីនាំចូល លើកលែងតែបុរសវ័យ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលថៃប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៣០ករណី។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមករណីទាំងនេះ មាន១១ករណីកើតឡើងពេលប្រជាពលរដ្ឋទៅទស្សនាការប្រកួតប្រដាល់។ នេះជាបញ្ហាមួយ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរគួរយកទៅពិចារណា ដ្បិតកីឡាករបរទេសភាគច្រើនដែលមកប្រកួតនៅខ្មែរ គឺជាជនជាតិថៃ។ គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ថៃមានករណីឆ្លង COVID-19 ចំនួន២១២ករណី៕
Tag:
ប្រដាល់គុនខ្មែរ
តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com