ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ត្រូវ​លើក​ពេល​ដោយសារ COVID-19
COVID-19
កីឡាជាតិ
ជាតិ
ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ត្រូវ​លើក​ពេល​ដោយសារ COVID-19
19, Mar 2020 , 8:59 am        
រូបភាព
រូបភាពពេលកីឡាការិនីចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០១៩
រូបភាពពេលកីឡាការិនីចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០១៩
​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ត្រូវ​លើក​ពេល​រៀបចំ​ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នេះ​។

 
​គោលបំណង​នៃ​ការលើក​ពេលនេះ គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រីក​រាលដាល​ទូទាំង​ពិភពលោក​។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី វិធាន​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ការលើក​ពេលនេះ​ពុំមាន​ពេល​កំណត់​នោះទេ ពោលគឺ​ក្រសួង​នឹង​ប្រាប់​ពី​កាលបរិច្ឆេទ​ថ្មី ក្រោយ​ការរីក​រាលដាល​នៃ COVID-19 មានការ​ធូរស្បើយ​នៅ​កម្ពុជា​។ តាម​គម្រោងការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ គ្រោង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២៥ មីនា ដល់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​។ 
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៨ ខែមីនា នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន​៣៥​ករណី បន្ទាប់ពី​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ប្រកាស​រកឃើញ​តេស្ត​វិជ្ជមាន COVID-19 ពីរ​ករណី​លើ​ជនជាតិ​ម៉ាឡេស៊ី​នៅ​ខេត្ត​កែប​។ ករណី​ឆ្លង​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​សា​សា​រៀន KTV ក្លិប​កម្សាន្ត រោងភាពយន្ត ការជួបជុំ​បែប​សាសនា ការប្រគំ​តន្ត្រី និង​ការចូល​ទស្សនា​ព្រះបរមរាជវាំង​ជា​បណ្តោះ​អាសន្ន​ផងដែរ​៕   



Tag:
 កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com