COVID-19
ជាតិ
សង្គមជាតិ
លោក ផៃ ស៊ីផាន ស្នើឲ្យអ្នកកាសែត ហៅត្រឹម «ខ្មែរ» កុំហៅ «ខ្មែរ-អ៊ិស្លាម» ជៀសវាងការរើសអើង
× លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្នើឲ្យអ្នកកាសែត សរសេរត្រឹមថា «ប្រជាពលរដ្ឋខ្មែរ» បានហើយ ដោយមិនគួរសរសេរថា «ខ្មែរ-អ៊ិស្លាម» នោះទេ ចំពោះខ្មែរ-អ៊ិស្លាមទាំងឡាយណា ដែលឆ្លងកូវីដ-១៩។ លោក យល់ថា ការសរសេរត្រឹមពាក្យ «ប្រជាពលរដ្ឋខ្មែរ» គឺអាចជៀសវាងការរើសអើសលើខ្មែរ-អ៊ិស្លាម ដែលឆ្លងកូវីដ-១៩។ ប៉ុន្តែកន្លងមក គឺក្រសួងសុខាភិបាល បានសរសេរពាក្យខ្មែរ-អ៊ិស្លាម នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ពីពិធីសាសនានៅម៉ាឡេស៊ី។
ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាស៍ន៍ដូច្នេះថា៖«យើង ប្រាប់ថា ប្រជាពលដ្ឋខ្មែរតែមួយម៉ាត់ គ្រប់គ្រាន់ហើយ។...មិនមានអត្តប្រយោជន៍ក្នុងការធ្វើអត្តសញ្ញាណកម្ម រហូតទៅដល់ថា ខ្មែរ-អ៊ិស្លាម ខ្មែរ-ចិន ឬ ខ្មែរ-វៀតណាម មិនបាច់ទេ...។ សូមអធ្យាស្រ័យ សូមឲ្យបងប្អូនទាំងអស់គ្នា មេត្តា សម្រួលការប្រើប្រាស់ពាក្យពេជ្រ នៅក្នុងបណ្តាញព័ត៌មានរបស់យើង កុំឲ្យមានការរើសអើស»។
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមនុស្ស៣៥នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មានបុរសខ្មែរ-អ៊ិស្លាម១៧នាក់។ ពួកគេ ឆ្លងកូវីដ-១៩ ក្រោយវិលត្រឡប់ពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ សារព័ត៌មានទាំងអស់សរសេរតាមតែសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះ ព្រោះរាល់សេចក្តីប្រកាសកន្លងមក ក្រសួងបានប្រើពាក្យ «ខ្មែរ-អ៊ិស្លាម» នៅរាល់ការបញ្ជាក់ករណីនីមួយៗដែលពាក់ព័ន្ធខ្មែរមកពីពិធីសាសនានៅម៉ាឡេស៊ី៕
Tag:
ផៃ ស៊ីផាន
ខ្មែរ-អ៊ិស្លាម
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com