COVID-19
អន្តរជាតិ
ចិន ប្រកាសថា ថ្នាំ​ប្រភេទ Avigan មាន​ប្រសិទ្ធភាព​ព្យាបាល COVID-19
18, Mar 2020 , 4:59 pm        
រូបភាព
ថ្នាំ Avigan (Favipiravir) (NHK)
ថ្នាំ Avigan (Favipiravir) (NHK)
​អ្នកស្រាវជ្រាវ​របស់រ​ដ្ឋា​ភិ​បាល​ចិន បានប្រកាសថា ពួកគេ​បាន​រកឃើញ​ប្រសិទ្ធភាព​នៃ​ថ្នាំ Avigan (Favipiravir) លើ​អ្នកជំងឺ​ដែលមាន​ផ្ទុក​ជំងឺ COVID-19 ។  ថ្នាំ​មួយ​នេះ​គឺជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​ផលិតឡើង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្តាសាយធំ (Flu) ។ នេះ​បើតាម​ការលើកឡើង​រប​ស់​ទូរទស្សន៍​ជប៉ុន NHK ចុះផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមីនា​នេះ​។

 
​លោក​វេជ្ជបណ្ឌិត Zhang Xinmin ដែលជា​អ្នកគ្រប់គ្រង​មួយរូប​នៅឯ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការអភិវឌ្ឍ​ជីវ​បច្ចេកវិទ្យា បានលើកឡើង​អំពី​ឈ្មោះ​ថ្នាំ​មួយ​នេះ​នៅក្នុង​ពិធី​សន្និសីទ​ព័ត៌មាន​មួយ​នៅឯ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ ១៧ ខែមីនា​កន្លងទៅ​។ 
 
​តាម​ប្រភពព័ត៌មាន​ជប៉ុន​ដដែល លោក​វេជ្ជបណ្ឌិត​ចិន​រូបនេះ បាន​អះអាងថា ថ្នាំ​មួយ​ប្រភេទ​នេះ ត្រូវបាន​រកឃើញថា​មាន​ប្រសិទ្ធភាព​លើ​ការសាកល្បង​ព្យាបាល​នៅឯ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ចំនួន​ពីរ​កន្លែង​នៅក្នុង​ប្រទេស​ចិន​។ ទន្ទឹមនេះ លោក Zhang Xinmin ក៏បាន​បញ្ជាក់​ផងដែរ​ថា ថ្នាំ​មួយ​នេះ​មាន​ប្រសិទ្ធភាព​ទៅលើ​ជំងឺ​ស្រដៀង​គ្នា​ទៅនឹង​ជំងឺ COVID-19 ក្នុងនោះ​មានដូចជា​ជំងឺ​រលាក​សួត​។ 
 
​ការព្យាបាល​នេះ​ត្រូវបាន​គេ​ធ្វើឡើង​នៅក្នុង​ទីក្រុង​វូ​ហាន ដែលមាន​អ្នកជំងឺ ២៤០​នាក់ និង​ទីក្រុង​ហ្សេ​ន​ជេន​ដែលមាន​អ្នកជំងឺ​៨០​នាក់​។ នៅឯ​ទីក្រុង​ហ្សេ​ន​ជេន​វិញ អ្នកជំងឺ​ដែល​ទទួលបាន​ថ្នាំ Avigan (Favipiravir) នេះ បានបង្ហាញ​លទ្ធផល​វត្តមាន​នៃ​វីរុស​ពី​វិជ្ជមាន​មក​អវិជ្ជមាន​វិញ ត្រឹមតែ​រយៈពេល​ប្រមាណ​៤​ថ្ងៃ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​១១​ថ្ងៃ​ចំពោះ​អ្នក​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​។ តាម​ការពិនិត្យ​ដោយ​ប្រព័ន្ធ​កាំរស្មី X-Ray អ្នកជំងឺ​ប្រមាណ​ជា​៩១​ភាគរយ​បានទទួល​ភាព​សះស្បើយ​ទៅលើ​សួត​របស់​ពួកគេ​ក្រោយពី​ពេល​ប្រើប្រាស់​ថ្នាំ​។ 
 
​តាម​ទូរទស្សន៍ NHK លោក​វេជ្ជបណ្ឌិត Zhang បាន​បន្តទៀតថា ថ្នាំ​ព្យាបាល​នេះ​ពិត​ជាមាន​សុវត្ថិភាព និង​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ផ្សេងៗ​ធំដុំ​នោះទេ ហើយ​វា​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​នេះ​។ ប្រទេស​ចិន​បាន​សុំ​សិទ្ធ​ប្រើប្រាស់​ថ្នាំ​មួយ​នេះ​ពី​ប្រទេស​ជប៉ុន នឹងត្រូវ​បានទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​ក្នុងការ​ចាប់ផ្តើម​ការផលិត​ខ្នាត​ធំ​។ 
 
​សូមបញ្ជាក់ថា គិ​ម​ត្រឹម​ថ្ងៃ​ពុធ ទី​១៨ ខែមីនា អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​ជិត​២០​ម៉ឺន​ករណី ខណៈ​ស្លាប់​ជិត​៨​ពាន់​នាក់ ហើយ​ជាសះស្បើយ​មាន​ជាង​៨​ម៉ឺន​នាក់​។ តួយ៉ាង ប្រទេស​ចិន បាន​រកឃើញ​អ្នកជំងឺ COVID-19 ជាង​៨​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​៣២២៦​នាក់ ហើយ​ជាសះស្បើយ ៦៨៨៦៨​នាក់​។ បន្ទាប់ពី​ចិន អ៊ីតាលី បាន​រកឃើញ​ជាង ៣​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​ជាង​២៥០០​ករណី ហើយ​ជាសះស្បើយ​ជិត​៣​ពាន់​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com