COVID-19
អន្តរជាតិ
ចិនព្យាបាលអ្នកជំងឺCOVID-19 សល់ត្រឹមជាង ៨ពាន់នាក់ ខណៈខេត្តមួយចំនួនលែងមានករណីឆ្លង
18, Mar 2020 , 10:30 pm        
រូបភាព
ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រុងវូហាន ត្រលប់មកផ្ទះវិញ, រូបភាព៖ Xinhua
ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រុងវូហាន ត្រលប់មកផ្ទះវិញ, រូបភាព៖ Xinhua
គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា អ្នកជំងឺ COVID-19 នៅក្នុងប្រទេសចិន មានត្រឹមតែជាង ៨ពាន់ករណីប៉ុណ្ណោះ ខណៈខេត្តមួយចំនួន លែងមានករណីឆ្លងនៅក្នុងស្រុក។ ប៉ុន្តែបញ្ហា ដែលចិនត្រូវបារម្ភពេលនេះ គឺជាករណីឆ្លងមកពីក្រៅប្រទេស ដូចជាអឺរ៉ុបជាដើម។



បើតាមទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃ១៧ ខែមីនា តួលេខឆ្លងនៅចិន មានត្រឹមតែ ១ករណីតែប៉ុណ្ណោះ ខណៈអ្នកស្លាប់មាន ១១ករណី។ ចំនួនសរុប COVID-19 នៅចិន មាន ៨០៨៨១ករណី។ ក្នុងចំនួនជាង ៨ម៉ឺនករណីនេះ មានអ្នកស្លាប់សរុប ៣២២៦ករណី និងអ្នកជាសះស្បើយ ៦៨៨៦៩ករណីឯណោះ។ ផ្អែកតាមតួលេខមួយនេះ អ្នកជំងឺមានផ្ទុក COVID-19 គឺនៅសល់ត្រឹមតែជាង ៨៧០០ករណីប៉ុណ្ណោះ។

បញ្ហាចោទនៅពេលនេះ គឺនៅត្រង់ថាអ្នកឆ្លងនៅក្នុងស្រុកធ្លាក់ចុះ ប៉ុន្តែអ្នកឆ្លងមកពីក្រៅប្រទេសកើនឡើង។ ភាគច្រើននៃករណីឆ្លងនៅក្រៅប្រទេសនេះ គឺមកពីអឺរ៉ុប។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua គណៈកម្មការសុខាភិបាលខេត្ត បានបញ្ជាក់ថាគ្មានករណីឆ្លងនៅក្នុងខេត្តហ៊ូប៉ីទេ នៅថ្ងៃទី១៨ ខែមីនា។ នៅក្នុងថ្ងៃទី១៧ ខែមីនា ចិនបានរកឃើញករណីឆ្លងតែមួយករណីគត់ នៅក្នុងទីក្រុងវូហាន និងស្លាប់ ១១ករណី។

បើទោះបីជាករណីឆ្លងក្នុងស្រុកធ្លាក់មែន ប៉ុន្តែចិន នៅតែបន្តរកឃើញករណីឆ្លងថ្មីមកពីក្រៅប្រទេស។ នាថ្ងៃទី១៧ ខែមីនា ចិន បានរកឃើញករណីឆ្លងមកពីក្រៅប្រទេសមានចំនួន ២០ករណីបន្ថែមទៀត។ សរុបចិនមានករណីឆ្លងមកពីក្រៅប្រទេសចំនួន ១៤៣ករណី។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អត្រានៅឆ្លងនៅចិន គឺមានការធ្លាក់ចុះយ៉ាងគំហុក ខណៈពេលប្រទេសអឺរ៉ុប កំពុងរងគ្រោះយ៉ាងខ្លាំង។ ក្នុងចំណោមប្រទេសអឺរ៉ុបទាំងអស់ អ៊ីតាលី គឺរងគ្រោះជាងគេ ព្រោះមានអ្នកជំងឺរហូតដល់ជិត ៣ម៉ឺននាក់ ខណៈប្រទេសអឺរ៉ុបមួយនេះ កំពុងប្រឈមបញ្ហាខ្វះសម្ភារពេទ្យដូចជាម៉ាស់ និងគ្រែពេទ្យសម្រាប់ដាក់អ្នកជំងឺជាដើម៕

Tag:
 ចិន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com